អត្ថបទ

ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន បញ្ចាក់ នូវការប្តេជ្ញាចិត្ត និងឆន្ទៈ ក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នៅថ្ងៃនេះ បានឆ្លុះបញ្ចាំង យ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគីរបស់ប្រទេសទាំងពីរ។

កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024 ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម Chen Cong អគ្គទីប្រឹក្សារដ្ឋនៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំង លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង តំណាងស្ថាប័នផ្សេងៗទៀតដែរ ដោយកម្មវិធីនេះរៀបចំដោយសារព័ត៌មាន TNAOT សហការជាមួយនឹងសហព័ន្ធវាយសីកម្ពុជា និងអគ្គនាយកដ្ឋានគយកម្ពុជ។

ថ្លែងក្នុងឱកាសបើកម្មវិធីជាផ្លូវការនេះ លោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា កម្មវិធីប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន ជាច្រកមួយដែលបើកទូលាយដើម្បីស្វាគមន៍កិច្ចសហការនានា ដែលបន្តធ្វើរួមគ្នានាពេលអនាគត ដើម្បីរួមចំណែកក្នុងដំណើរអភិវឌ្ឍន៍ប្រជាជាតិយើងទាំងពីរ។ ឯកឧត្តម លើកទឹកចិត្តដល់ភាគីទាំងអស់សូមបន្តឱ្យមានការផ្សព្វផ្សាយទូលំទូលាយ ដើម្បីឱ្យប្រជាជនយើងងាកមកចូលរួមលេងកីឡាទាំងអស់គ្នា មិនថាតែកីឡាវាយសី ឬកីឡាប្រភេទផ្សេងៗក៏ដោយ។

មានវត្តមានក្នុងឱកាសនោះដែរ លោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងដែរថា ព្រឹត្តិការណ៍ការប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពនាថ្ងៃនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលបានចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ និងកីឡា និងចូលរួមផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ ផងដែរ ពិសេសបានចូលរួមផ្សព្វផ្សាយពីកិត្តិនាមគោលដៅទេសចរណ៍កម្ពុជា គឺជាគោលដៅទេសចរណ៍ដែលផ្តល់ “សុវត្ថិភាព ស្អាត និងបៃតង” តាមរយៈការធ្វើពិពិធកម្មផលិតផល ទេសចរណ៍បែបកីឡា។

ជាមួយគ្នានេះ លោក Chen Cong អគ្គទីប្រឹក្សានៃស្ថានទូតចិន បានបញ្ជាក់ថា កីឡាជាវិស័យសំខាន់មួយនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន ហើយលោករំពឹងថាតាមរយៈ ព្រឹត្តិការណ៍ការប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនអាជីពនាថ្ងៃនេះនឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព និងភាពរីកចម្រើនជាមួយគ្នា។

ទន្ទឹមនោះ អ្នកគ្រប់គ្រងទូទៅសារព័ត៌មាន TNAOT លោកស្រី ហានលី (Doris) បានលើកឡើងថា កីឡាវាយសីមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ខុសៗគ្នាផងដែរ។ នៅក្នុងឆ្នាំ២០២៤ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសកម្ពុជា-ចិន ព្រឹត្តិការណ៍ ដែលយើងបានរៀបចំនៅពេលនេះ គឺមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាដ៏ សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរដូចគ្នា។ ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសកម្ពុជា-ចិន ព្រឹត្តិការណ៍ ដែលយើងបានរៀបចំនៅពេលនេះ គឺមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាដ៏ សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសយើងទាំងពីរដូចគ្នាដែរ។

កម្មវិធីប្រកួតវាយសីលើកនេះគឺជាគំនិតផ្តួចផ្តើមរបស់សារព័ត៌មាន TNAOT APP ដែលតែងតែផលិតមាតិការនិងវីដេអូសំខាន់ៗសម្រាប់ចំណងកាទូតរវាងប្រទេសកម្ពុជានិងចិន។ កម្មវិធីប្រកួតវាយសីលើកនេះ ធ្វើឡើងក្នុងគោលបំណងជម្រុញទំនាក់ទំនងទ្វេភាគី និងបង្ហាញពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសគឺឆ្នាំផ្លាស់ប្តូរប្រជាជននិង ប្រជាជន២០២៤ ឬ People-To-People Exchange Year 2024។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិននេះ មានការសហការដោយសហព័ន្ធកីឡាវាយសីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងសំខាន់ៗចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗជាច្រើនទៀតដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងផ្លែផ្កាផងដែរ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនដឹកជញ្ជូន E-GetS ;JMC JiangLing Motors(Cambodia) ; Zhongtong(ZTO) ; Midea ; HONOR ; VICTOR ; ក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONE ROAD Group) ;ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី);សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន; ទឹករ៉ែធម្មជាតិអូគូលែន ;មន្ទីរពហុព្យាបាល ស៊ីន ហុងអិន ជាដើម។

គួរឱ្យដឹងដែរថាកម្មវិធីប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន (មិនមែនអាជីព) នេះប្រព្រឹត្តិទៅនាថ្ងៃទី ២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅក្លឹបវាយសី នរា រាជធានីភ្នំពេញ។

ក្នុងនោះចំពោះជ័យលាភីចំណាត់ថ្នាក់លេខ១ នឹងទទួលពានមាស១ មេដាយមាស១ និងថវិការ៥០០ដុល្លារ + កាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១។ ចំណាត់ថ្នាក់លេខ២ នឹងទទួលពានប្រាក់១ មេដាយប្រាក់១ + ថវិការ៣០០ដុល្លារ និងកាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១។ ចំណាត់ថ្នាក់លេខ៣ នឹងទទួលពានសំរឹទ្ធ១ មេដាយសំរឹទ្ធ១ + ថវិការ២០០ដុល្លារ រួមនឹងកាដូអនុស្សាវរីយ៍ដ៏គួរឲ្យភ្ញាក់ផ្អើល១ថែមទៀតផង! ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពកម្ពុជា-ចិន កីឡារស់នៅក្នុងសន្តិភាព៕ 

To Top