អត្ថបទ

ក្រសួងទេសចរណ៍​ ទទួលបានការអនុញ្ញាត​ ពីរាជរដ្ឋាភិបាល សហការជាមួយក្រុមហ៊ុន ជីប ម៉ុង​ នឹងនាំយក Gumball 3000 មកកម្ពុជា ​ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សូកន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជក់ថា ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់​ ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៍ធំ GUMBALL 3000​ នឹងប្រមូលផ្ដុំកំពូលរថយន្តទំនើបៗ​ រាប់រយគ្រឿងដែលអ្នកបើកបរសុទ្ធសឹង​ ជាជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល ក្រុមតារាល្បីៗ និងកីឡាករលំដាប់ពិភពលោកជាច្រើនរូប នឹងមានវត្តមាននៅក្នុង​ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤”។

ឧកញ៉ា លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាក់ថា ព្រឹត្តិការណ៍ GUMBALL 3000 នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំថ្នាក់ជាតិមួយ​ ក្នុងឆ្នាំ២០២៤ ហើយក្រុមហ៊ុន ជីប ម៉ុង ត្រូវបានជ្រើសរើស​ ជាដៃគូសហការផ្លូវការ​ ក្នុងប្រទេសកម្ពុជាតែមួយគត់ ដោយមានការជ្រោមជ្រែង​ ពីក្រសួងទេសចរណ៍​ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា។

GUMBALL 3000 សម្រេចចិត្តចាប់ដៃ​ ជាមួយក្រុមហ៊ុន ជីប ម៉ុង ដោយសារបានយល់ច្បាស់ និងជឿជាក់លើកេរ្តិ៍ឈ្មោះ និងកិត្តិស័ព្ទរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងទីផ្សារកម្ពុជា ជាក្រុមហ៊ុន​ ដែលមានមូលដ្ឋានគ្រឹះរឹងមាំ មានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ អាចធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យកាន់តែបានទូលំទូលាយផងដែរ និងធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

ជាងនេះទៅទៀត​ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដ៏សម្បូរបែបរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងផ្តល់ភាពងាយស្រួល​ ក្នុងការរៀបចំទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ​ ដែលសុទ្ធសឹងជាជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល តារាល្បីៗ និងកីឡាករលំដាប់ពិភពលោកជាច្រើនរូប សំដៅយ៉ាងណាផ្តល់បទពិសោធន៍​ នៃការស្នាក់នៅរបស់ពួកគេ​ ក្នុងប្រទេសកម្ពុជា ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

ការនាំយកនូវព្រឹត្តិការណ៍ GUMBALL 3000 រូមមានក្នុងគោលបំណងចំនួន៤សំខាន់ៗគឺ៖

១.ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក។ 

២.ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

៣.ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា។

៤.ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។

ដោយឡែកសម្រាប់សាធារណជនទូទៅ​ ដែលជាអ្នកគាំទ្ររថយន្តទំនើបៗគ្រប់ប្រភេទនៅកម្ពុជា និងបណ្តាប្រទេសនានាក៏អាចចុះឈ្មោះចូលរួម​ ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះបានផងដែរ។ ការចូលរួមរបស់លោកអ្នកជាចំណែកមួយ​ ក្នុងការជួយទៅកុមារកម្ពុជា និងការបង្កើតនូវប្រវត្តិសាស្រ្ត​ សម្រាប់ប្រទេសកម្ពុជា៕

To Top