អត្ថបទ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ប្រារព្ធពិធីអបអរសាទរ ការ​ហោះហើរ​ជាអន្តរជាតិលើក​ដំបូង​ ពី​ភ្នំពេញ​ទៅ​កូឡាឡាំពួរ

ថ្ងៃនេះ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍​ អ៊ែរអេស៊ា ខេមបូឌា ប្រារព្ធពិធីបើកសម្ពោធដាក់ឱ្យដំណើរការ ជើងហោះហើរលេខ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia ជាអន្តរជាតិ ដោយទទួលភ្ញៀវទេសចររបស់ក្រុមហ៊ុននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ស្ថានីយលេខ ២) ។

ភ្នំពេញ៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (ជើងហោះហើរលេខ KT) ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សមួយ ជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការ ជើងហោះហើរជាអន្តរជាតិលើកដំបូងរបស់ខ្លួន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរ បន្ទាប់ពីបានចាប់ផ្តើមបើកប្រតិបត្តិការ ត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យដ៏ថ្មី មួយនៅកម្ពុជា ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia ត្រូវបានអបអរសាទរជាមួយនឹង ការសម្តែងសិល្បៈដ៏រំភើបអស្ចារ្យ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ ដើម្បីផ្តល់ជូនអ្នកដំណើរនូវអនុស្សាវរីយ៍នៃការធ្វើដំណើរដែលមិនអាចបំភ្លេចបាន។ ជើងហោះហើរនេះ ចាកចេញនៅវេលាម៉ោង ១២.២៥ នាទីថ្ងៃត្រង់ និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (ស្ថានីយលេខ ២) នៅវេលាម៉ោង ៣.១៥ នាទីល្ងាច (ម៉ោងសាកល GMT +៨) អមជាមួយនឹងការបាញ់ទឹក ទទួលស្វាគមន៍នៅពេលអញ្ជើញមកដល់។

ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍មួយរបស់កម្ពុជា និងជាចំណែកមួយនៃអាស៊ាន ការ​បើកសម្ពោធដាក់ឱ្យ​ដំណើរ​ការ​នេះ ​ប្រព្រឹត្តទៅ​ស្រប​ពេល​នឹងការ​ប្រារព្ធ ពិធីអបអរសាទរ​ទិវា​អាស៊ាន​លើក​ទី ៥៧ នា​ខែ​នេះ។ ការបើកសម្ពោធជើងហោះហើរនេះ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំឡើង។ ជើងហោះហើរប្រចាំសប្តាហ៍ទាំងប្រាំពីរ គឺជាការបំពេញបន្ថែមប្រតិបត្តិការពីរដង ក្នុងមួយថ្ងៃរបស់ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Malaysia និងសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការជំរុញទំនាក់ទំនង លើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃ ក្រុមហ៊ុនអាកាសចរណ៍​ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការទទួលបានអ្នកដំណើរចំនួន ៩៩ ភាគរយនៃចំនួនកៅអីដែលបានដាក់លក់ សម្រាប់ការហោះហើរជាអន្តរជាតិ របស់យើងខ្ញុំនាថ្ងៃនេះ គឺជាកត្តាជំរុញលើកទឹកចិត្តយ៉ាងខ្លាំងមួយ។ ចាប់តាំងពីពេលដែលយើងបានចាប់ផ្តើម បើកប្រតិបត្តិការនៅអំឡុងខែឧសភាកន្លងមកនេះ យើងបានធ្វើការហោះហើរដឹកជញ្ជូន ភ្ញៀវទេសចរក្នុងស្រុកចំនួន ២៥,៨៦១ នាក់ ហើយជាមួយនឹងការបើកផ្លូវហោះហើរជាអន្តរជាតិនេះ យើងមានគោលបំណងពង្រឹង ចំណងមិត្តភាពរវាងកម្ពុជា និងម៉ាឡេស៊ីមួយកម្រិតបន្ថែមទៀត។

“វិស័យទេសចរណ៍របស់កម្ពុជា បាននិងកំពុងស្ថិតនៅលើវិថីនៃកំណើនដ៏រឹងមាំ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញ យ៉ាងសកម្មដើម្បីឱ្យប្រទេសនេះក្លាយទៅជា គោលដៅទេសចរណ៍ដ៏ធំមួយ។ គិតត្រឹមឆមាសទីមួយឆ្នាំ ២០២៤ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាងបីលាននាក់។ យើងរំពឹងថាការបើកផ្លូវហោះហើរថ្មី របស់យើងរវាងទីក្រុង​ភ្នំពេញ នឹង​ជំរុញឱ្យមានលំហូរចូលនៃ​ភ្ញៀវ​ទេសចរ បន្ថែមទៀត​រវាង​​ប្រទេស​ទាំង​ពីរ។

“ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន AirAsia Group យើងខ្ញុំប្តេជ្ញាគាំទ្រដល់គោលដៅ អភិវឌ្ឍន៍វិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតជើងហោះហើរត្រង់បន្ថែមទៀតពីគោលដៅទេសចរណ៍ធំៗ នៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។ អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្រុមហ៊ុន Thai AirAsia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងខ្ញុំ បានដាក់ឱ្យអនុវត្តជើងហោះហើរសៀមរាប-ភូកេត ជាមួយនឹងការហោះហើរបីដងក្នុងមួយសប្តាហ៍ ចាប់​ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះតទៅ។

“លើសពីនេះទៀត តាមរយៈការប្រើប្រាស់សេវាហោះហើរ Fly-Thru ប្រជាជនកម្ពុជាអាចធ្វើដំណើរទៅកាន់គោលដៅ ថ្ងៃឈប់សម្រាកដ៏គួរឱ្យរំភើបផ្សេងទៀតនៅអាស៊ី។ យើងប្តេជ្ញាថានឹងបើកជើងហោះហើរ ជាអន្តរជាតិបន្ថែមទៀត នៅទូទាំងតំបន់ក្នុងឆ្នាំនេះ ខណៈដែលកំពុងធ្វើការសិក្សា សមិទ្ធលទ្ធភាពសម្រាប់គោលដៅ
ផ្សេងៗ ដូចជាទីក្រុងសេប៊ូ កោះបាលី និងតំបន់ផ្សេងទៀត ដើម្បីជួយគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដើរតួនាទីដ៏សំខាន់មួយក្នុង វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ដោយតភ្ជាប់តំបន់រវាងទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ជាផ្នែកមួយនៃសម្ព័ន្ធ ក្រុមហ៊ុន AirAsia Group បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានពង្រីកសេវារហូតទៅដល់ជាង ១៣០ គោលដៅនៅទូទាំងអាស៊ី និងលើសពីនេះ ដោយប្រើប្រាស់មជ្ឈមណ្ឌល កណ្តាល របស់ខ្លួននៅ ទីក្រុងកូឡាឡាំពួរ និងទីក្រុងបាងកក ដើម្បីជួយសម្រួលដល់បទពិសោធន៍នៃ ការធ្វើដំណើរយ៉ាងរលូនសម្រាប់ ភ្ញៀវធ្វើដំណើររបស់ខ្លួន ។

កាលវិភាគហោះហើរទៅមកភ្នំពេញ (PNH) – កូឡាឡាំពួរ (KUL)៖

To Top