អត្ថបទ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Smart Axiata សហការរៀបចំវេទិកា ដើម្បីសុវត្ថិភាពលើប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ដើម្បីរៀបចំ “វេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ” នៅឯសណ្ឋាគារ Hyatt Regency ភ្នំពេញ។

វេទិកានេះបានសបញ្ជាក់អំពីសារៈសំខាន់នៃសុវត្ថិភាពអនឡាញខណៈដែលប្រទេសកម្ពុជាកំពុងខិតខំជំរុញ​សង្គមឌីជីថល និងធានាបាននូវប្រព័ន្ធអនឡាញដែលមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាជនកម្ពុជា​គ្រប់រូប។

វេទិកាសុវត្ថិភាពអនឡាញឆ្នាំ២០២៤ នេះ បានប្រារព្ធឡើងក្រោមប្រធានបទ “ទាំង​អស់​គ្នា​ឆ្ពោះ​ទៅ​សុវត្ថិភាព​លើ​អុីន​ធឺ​ណិត​”​ ដោយបានប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗមកពីវិស័យនានាៗ​ រួមមានក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ អ្នកបង្កើតមាតិកា និងសិស្សានុសិស្ស។ វេទិកានេះបានធ្វើការជជែកវែកញែកពីហានិភ័យអនឡាញ ស្វែងរកដំណោះស្រាយ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ និងលើកកម្ពស់ការអនុវត្តគោលនយោបាយសំខាន់ៗ​របស់​រាជរដ្ឋាភិបាល​លើ​ការ​ការពារ​តាមប្រព័ន្ធអុីនធឺណិត។

លោក Sharif Lukman Mahfoedz ប្រធានផ្នែកធុរកិច្ច (CBO) នៃក្រុមហ៊ុន Smart Axiata​ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការក្នុងការដោះស្រាយបញ្ហាសុវត្ដិភាពលើអុីនធឺណិត។​ លោកមានប្រសាសន៍ថា “​​យើង​មាន​កិត្តិយស​ណាស់​ដែល​មាន​ឱកាស​ ​សហការ​ជា​មួយ​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍កម្ពុជា ក្នុងការប្រារព្ធកម្មវិធីនេះឡើង។ វេទិកាបែបនេះបានផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការជួបពិភាក្សា និងស្វែងយល់អំពីដំណោះស្រាយចំពោះហានិភ័យនៃអុីនធឺណិត”។

លោកSharif Lukman Mahfoedz, ប្រធានផ្នែកធុរកិច្ច (CBO) នៃក្រុមហ៊ុន Smart Axiata

ប្រធានផ្នែកធុរកិច្ចរូបនេះក៏បានបន្ដលើកឡើងពីសារៈសំខាន់នៃការបង្កើតឱ្យបាន​នូវ​វេទិការ​អនឡាញ​មួយ​ប្រកប​ដោយសុវត្ថិភាព និងការកំណត់គោលដៅ ដើម្បីបង្កើតបានអនាគត​មួយដែល​គ្រប់គ្នា​អាច​ទទួលបានឱកាសលូតលាស់​ក្នុង​ពិភព​ឌីជីថល។

ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារកុមារដែលជាអនាគតប្រទេស​ជាតិ តាម​រយៈ​ការធ្វើឱ្យប្រព័ន្ធអនឡាញកាន់តែមាន សុវត្ថិភាពសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ពួកគេ។ ជាផ្នែកមួយនៃការបោះជំហានឆ្ពោះទៅរកកិច្ចការពារកុមារកម្ពុជា ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ជាមួយអង្គការ Action Pour Les Enfants Cambodia (APLE) ក្នុងវេទិការនេះផ្ទាល់ ក្រោមអធិបតីភាពដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

APLE ​គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមានបេសកកម្មផ្ដោតសំខាន់លើកិច្ចការពារកុមារ​ពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទគ្រប់ទម្រង់ តាមរយៈកម្មវិធីអន្តរាគមន៍​ផ្សេងៗ។ កិច្ចសហការនេះ​មានគោលបំណង​បញ្ឈប់​ការ​រំលោភ​បំពាន ជួយកុមារទប់ស្កាត់ការកេងប្រវ័ញ្ចបន្ត​ និង​បង្កើត​ប្រព័ន្ធ​អុីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់មនុស្សគ្រប់គ្នា។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ក៏បានសម្ដែងការប្ដេជ្ញាចិត្តក្នុងការបង្កើតប្រព័ន្ធឌីជីថលដែលមាន​សុវត្ថិភាព​ជាងមុនសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានមានប្រសាសន៍ថា “ការរក្សាសន្តិសុខ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញទាមទារការចូលរួមពីភាគីពាក់ព័ន្ធ។ វិស័យឯកជន ពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ត្រូវអនុវត្តបច្ចេកទេសទាំងឡាយដែលការពារសុវត្ថិភាពសេវា និងអ្នកប្រើប្រាស់របស់ខ្លួន។ ក្នុងនោះផងដែរ អ្នកប្រើប្រាស់ត្រូវយល់ដឹងពីសារសំខាន់ៗនៃសុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងរបៀបការពារ។”

លោក​សំលៀង សីលា, នាយកប្រតិបត្តិអង្គការ APLE Cambodia.

លោកសំលៀង សីលា នាយកប្រតិបត្តិ APLE Cambodia បាន​លើក​ឡើង​ថា​ “ការចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Smart Axiata បាន​បង្ហាញ​ពី​ភាព​ជា​ដៃ​គូ​សហការ​រវាងស្ថាប័នឯកជន និងសាធារណៈដ៏រឹងមាំ ក្នុងការការពារកុមារតាមអុីនធឺណិត។ ការប្រើប្រាស់ធនធានរួមរបស់ពួកយើងនឹងជួយដល់ការបង្កើតប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព និងផ្ដល់អាទិភាព​ចម្បងចំពោះសុវត្ថិភាពរបស់កុមារនៅរាល់សកម្មភាពផ្ដួចផ្ដើមទាំងអស់”។

ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានការប្ដេជ្ញាក្នុងការផ្ដល់​អាទិភាព​ដល់​សុខ​សុវត្ថិភាព​របស់អតិថិជន ស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ខ្លួន។ ក្រុមហ៊ុននេះ​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​តាមអុីនធឺណិតដ៏រឹងមាំ ក្នុងនោះរួមមាន Next Generation Signaling Firewall (NGSF) និង​ Intrusion Detection System (IDS) ដើម្បីការពារបណ្ដាញ និងទិន្នន័យរបស់អតិថិជនរបស់ខ្លួននៅដើមឆ្នាំ2024។

ក្រុមហ៊ុន Smart Axiata មានការទទួលស្គាល់ស្ដង់ដារពិភពលោក ISO 27001:2013 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន និងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌសន្តិសុខតាមអុីនធឺណិត NIST រួម​ទាំងការអនុវត្តសំខាន់ៗសម្រាប់សុវត្ថិភាពអុីនធឺណិត។ ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសុវត្ថិភាពឌីជីថលក្រុមហ៊ុន Smart នឹងបន្ដណែនាំសេវាកម្ម និងផលិតផលរបស់ខ្លួនដែលប្រកបដោយនវានុវត្តន៍ ដើម្បីការពារអតិថិជនគ្រប់ៗរូប។

To Top