អត្ថបទ

លើកមុខមាត់ទេសចរណ៍ មុខមាត់ជាតិ ទៅកាន់ពិភពលោក ក្រសួងទេសចរណ៍កម្ពុជា ចាប់ដៃជាមួយ ជីប ម៉ុង យកព្រឹត្តិការណ៍អន្តរជាតិ Gumball 3000 មកកាន់កម្ពុជា

ភ្នំពេញ៖ មួយរយៈនេះឃើញមានព័ត៌មានជាច្រើន​ និយាយអំពីព្រឹត្តិការណ៍ Gumball 3000 ថានឹងរៀបចំនៅកម្ពុជានាខែកញ្ញាខាងមុខនេះ! តើព្រឹត្តិការណ៍នេះនឹងកើតមានឡើងពិតប្រាកដដែរឬយ៉ាងណា? ថ្ងៃនេះ តំណាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីបម៉ុង ចេញមកធ្វើសន្និសីទសារព័ត៌មានដោយផ្ទាល់ ស្ដីពីការប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 ដែលប្រមូលផ្ដុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក មកជួបជុំគ្នានៅកម្ពុជា។

ថ្ងៃទី១០ ខែសីហា នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឯកឧត្តម គុជ បញ្ញសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាប់ដៃគ្នាជាមួយ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុងដែលជាក្រុមហ៊ុនឯកជនតែមួយគត់នៅកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូសហការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដោយមានវត្តមានចូលរួមផ្ទាល់ពីសំណាក់លោក  Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 ដើម្បីរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា និងផ្តល់ព័ត៌មានកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះទាំងមូល។

លើសពីសន្និសីទសារព័ត៌មានផ្សេងៗ ថ្ងៃនេះក្រុមហ៊ុន ជីប ម៉ុង បានបន្ថែមសកម្មភាពជាច្រើនទៀតឱ្យសក្ដិសមទៅនឹងព្រឹត្តិការណ៍លំដាប់អន្តរជាតិ Gumball 3000 ដោយរួមបញ្ជូលទាំងការដាក់តាំងបង្ហាញរថយន្ត Supercar ជាច្រើនគ្រឿង របស់ជនមានឥទ្ធិពល កំពូលអ្នកជំនួញ និងកំពូលសិល្បករជាច្រើននៅកម្ពុជា ដើម្បីធ្វើឱ្យអារម្មណ៍បងប្អូនដែលស្រលាញ់ និងចូលចិត្តរថយន្តប្រភេទទាំងនេះ ឱ្យកាន់តែរំភើប ញាប់ញ័រទ្វេរដង។ កាន់តែពិសេសទៀតនោះ ក៏មានការប្រគំតន្ត្រីពីសំណាក់ DJ, តារាចម្រៀងល្បីៗ និងក្រុមតារាចម្រៀងរ៉េបកំពុងពេញនិយម LA CIMA CARTEL ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា។ ការជ្រើសរើសយកខេត្តសៀមរាបដើម្បីរៀបចំព្រឹត្តិការណ៍នេះ គឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រនៃតំបន់សៀមរាបអង្គរ​ ទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗ​ មកពីជុំវិញពិភពលោក។ 

សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ​ នឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី​ ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ​ នឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។

ព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនជាព្រឹត្តិការណ៍ដែលបង្កើតឡើងក្នុងគោលបំណងបង្អួតរថយន្តទំនើបៗពីសំណាក់អភិជននៅកម្ពុជាទេ​ ផ្ទុយទៅវិញវាជាព្រឹត្តិការណ៍ដែលរៀបចំឡើង​ ក្នុងគោលបំណងសំខាន់ចំនួន៤គឺ៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាស​ រវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេ​ នៅមុខប្រាសាទអង្គរវត្ត”៕

ចំពោះអ្នកដែលមានបំណងចង់ចូលរួមដាក់តាំងបង្ហាញរថយន្ត Supercar របស់ខ្លួន ក៏អាចចុះឈ្មោះចូលរួមតាមរយៈការជាវកញ្ចប់បរិច្ចាគដូចខាងក្រោម៖
1. រថយន្ត ១គ្រឿង និងមនុស្ស ២នាក់ កញ្ចប់បរិច្ចាគ ៥០០ដុល្លារ

2. រថយន្ត ៤គ្រឿង និងមនុស្ស ៨នាក់ កញ្ចប់បរិច្ចាគ ៤០០ដុល្លារ

3. រថយន្ត ១០គ្រឿង និងមនុស្ស ២០នាក់ កញ្ចប់បរិច្ចាគ ៣០០ដុល្លារ

បញ្ជាក់ៈ រាល់ថវិកាទាំងអស់ទទួលបានពីការចូលរួមនេះ នឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ហើយចំពោះអ្នកដែលមិនមានដាក់តាំងបង្ហាញរថយន្ត ក៏អាចចូលរួមចុះឈ្មោះដើម្បីបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរផងដែរ។

**សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកផេក Rev Up Cambodia ផ្ទាល់ឬតាមលេខទូរស័ព្ទ : +855(0)67 734 734 / 60 671 123

**ចំនួនមានកំណត់សម្រាប់ម្ចាស់រថយន្តមកទទួលការចុះឈ្មោះមុននឹងមានឱកាសដាក់រថយន្តនៅជួរមុខ ។

default
To Top