ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា និងជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាសស៊ីហ្គេម នាពេលខាងមុខ នៅតែបន្តឆន្ទៈសហការជាមួយសហព័ន្ធកីឡាបាល់ទះ ឧបត្ថម្ភមិនដកដៃ នឹងប្រកាសរៀបចំព្រឹត្តិការណ៍បាល់ទះចំនួន ៤ កម្មវិធី ៣ ពាន ។
នៅថ្ងៃទី១៧ ខែសីហា ២០២៤នេះ ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការឧបត្ថម្ភ ស្ដីពីការរៀបចំប្រកួតកីឡាបាល់ទះកម្ពុជា SEA V LEAGUE 2024, ពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត,ពានរង្វាន់សម្ដេចក្រឡាហោម សខេង និង WURKZ SPECIAL VOLLEYBALL CHALLENGE 2025 ។
សូមរំឮកថា កន្លងមក ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ២០២៣, ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2024 និងឧបត្ថម្ភជូនសហប័ន្ធកីឡាបាល់ទះកម្ពុជា នូវថវិកា ៥០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់ការបណ្ដុះបណ្ដាលលើផ្នែកបច្ចេកទេស និងចំណាយទៅលើសម្ភារៈផ្សេងៗ។
គួបញ្ជាក់ដែរថា ខ្មែរ ប៊ែវើរីជីស ដែលមានអ្នកឧកញ៉ាលាង ម៉េង ជាសហស្ថាបនិកនិងប្រធានក្រុមអគ្គនាយក បានប្រកាសសន្យារួចហើយថា ខ្មែរ ប៊ែវើរីជីស នឹងធ្វើមេដាយមាស ២គីឡូក្រាម ក្នុងលក្ខខណ្ឌដែលបាល់ទះកម្ពុជាឈ្នះមេដាយមាស ស៊ីហ្គេម នាពេលខាងមុខ។ ការប្ដេជ្ញាឧបត្ថម្ភ គាំទ្រពី ខ្មែរ ប៊ែវើរីជីស នេះ ធ្វើឱ្យសហព័ន្ធកីឡាបាល់ទះកាន់តែមានភាពកក់ក្ដៅ និងមិនព្រួយបារម្ភពីការខ្វះខាតក្នុងផែនការរៀបចំព្រឹត្តិការណ៍ធំៗទូទាំងប្រទេស និងបណ្ដុះធនធានកីឡាករជំនាន់ថ្មីឱ្យកាន់តែច្រើន ដើម្បីបន្តចូលរួមផ្សព្វផ្សាយកីឡាបាល់ទះកម្ពុជា ឱ្យកាន់តែល្បីសុះសាយ។
សូមបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈឯកជនក៏ពិតមែន ប៉ុន្តែក្នុងនាមជាសហគ្រិនខ្មែរ ដែលមានឆន្ទៈផ្ដល់ត្រលប់ទៅកាន់សង្គមវិញនោះ ខ្មែរ ប៊ែវើរីជីស តែងតែចូលខ្លួនឧបត្ថម្ភ និងគាំទ្រស្ទើរតែគ្រប់វិស័យនៅកម្ពុជា ដើម្បីចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ និងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ដែលមានវិស័យកីឡាបាល់ទះនេះ ជាឧទាហរណ៍ស្រាប់។ ក្នុងនាមជាខ្មែរដែលគាំទ្រវិស័យកីឡាបាល់ទះកម្ពុជា យើងគួរតែនាំគ្នាចូលរួមគាំទ្រផលិតផលភេសជ្ជៈរបស់ ខ្មែរ ប៊ែវើរីជីស ដើម្បីជំរុញឱ្យក្រុមហ៊ុននៅតែអាចបន្តឧបត្ថម្ភ ដល់ព្រឹត្តិការណ៍បាល់ទះជាបន្តបន្ទាប់ទៀត៕







