អត្ថបទ

៧៧៧,៧៧៧ដុល្លារ ជូនសមាគមសិល្បករខ្មែរ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរតែមួយគត់ ជ្រោមជ្រែងស្ទើរគ្រប់វិស័យនៅកម្ពុជា

ភ្នំពេញ៖ ជីប ម៉ុង ជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស ចូលខ្លួនជ្រោមជ្រែង និងលើកកម្ពស់វិស័យសិល្បៈ​ ដែលជាសម្បត្តិវប្បធម៌បន្សល់ទុកពីដូនតា និងជាស្នូលសំខាន់​ នៃទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្រោមកិច្ចសហការឧបត្ថម្ភមូលនិធិដល់ សមាគមសិល្បករខ្មែរ នូវថវិកា ៧៧៧,៧៧៧ ដុល្លារ រយៈពេល១០ឆ្នាំ។

ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា កិច្ចសហការនេះ​ នឹងក្លាយជាចលករមួយយ៉ាងសំខាន់​ ក្នុងការបង្កើតព្រឹត្តិការណ៍សិល្បៈធំៗ ដើម្បីបង្កើនឱកាសការងារដល់សិល្បករ-សិល្បការិនី បញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ព្រមទាំងជួយផ្សព្វផ្សាយមរតក និងវប្បធម៌ជាតិ​ ឱ្យកាន់តែទូលំទូលាយ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា ក្រោមស្មារតីស្រលាញ់សិល្បៈខ្មែរ រក្សាអត្តសញ្ញាណខ្មែរ ខ្មែរ ប៊ែវើរីជីស ចាត់ទុកការអភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌ជាស្នូលសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។ យើងគាំទ្រយ៉ាងពេញទំហឹងលើឆន្ទៈ «រក្សាចាស់ បង្កើតថ្មី» ដើម្បីបង្កើនប្រសិទ្ធភាពនៃការច្នៃប្រឌិត ដើរឱ្យទាន់សម័យឌីជីថល និងបណ្តុះគំនិតកូនខ្មែរ​ ឱ្យចូលរួមថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរ។ សំខាន់បំផុតនោះ ភាពរីកចម្រើននៃស្នាដៃសិល្បៈ​ នឹងជួយជំរុញកំណើនភ្ញៀវទេសចរណ៍​ ចូលមកទស្សនា និងស្រាវជ្រាវបន្ថែមនូវ ទស្សនីយភាពសិល្បៈបុរាណ និងសម័យ ក្នុងប្រទេសកម្ពុជា។

ជាក់ស្ដែង ក្រោមការយកចិត្តទុកដាក់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បច្ចុប្បន្នកំពុងបង្កើតកម្មវិធីសិល្បៈ និងព្រឹត្តិការណ៍តន្រ្តីជាមួយបណ្ដាក្រុមហ៊ុន និងផលិតកម្មធំៗមួយចំនួនដូចជាៈ ការប្រគំតន្ត្រី Cambodia Lite Station និង KIZZ  Concert នៅស្ថានីយទូរទស្សន៍ PNN, ការប្រគំតន្រ្តី Bond For More និងEXPREZ Concert នៅស្ថានីយទូរទស្សន៍ ហង្សមាស, កម្មវិធី 1-2-3 EXPREZ នៅស្ថានីយទូរទស្សន៍ បាយ័ន និងការប្រគំតន្ត្រីខ្នាតតូចនៅតាមបណ្ដាខេត្តក្រុងនានា។ កន្លងមក ខ្មែរ ប៊ែវើរីជីស ក៏បានបង្កើតព្រឹត្តការណ៍ប្រគំតន្រ្តីទេសចរណ៍ទូទាំងប្រទេសច្រើនជាងគេ និងត្រៀមរៀបចំ  ព្រឹត្តការណ៍ផ្សេងទៀតក្នុង ១សប្តាហ៍ នារដូវប្រាំងខាងមុខនេះ។

ជាមួយគ្នានោះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា​ នាពេលនេះ គឺជាតឹកតាង សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ លោកអ្នកឧកញ៉ា សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន ជីប ម៉ុង ចំពោះការចូលរួមលើកតម្កើងតម្លៃ​ នៃវិស័យសិល្បៈវប្បធម៌ ជាតិ និងយល់ច្បាស់​ ពីសុខទុក្ខរបស់សិល្បករ-សិល្បការិនីទាំងអស់ ជាពិសេសចំពោះសិល្បកររាមច្បង​ ដែលមានវ័យកាន់តែច្រើន និងកំពុងប្រឈមនឹងបញ្ហាផ្សេងៗ ដែលត្រូវការមូលនិធិឧបត្ថម្ភទ្រទ្រង់ជាចាំបាច់។

គួរបញ្ជាក់ដែរថា ជីប ម៉ុង ជាក្រុមហ៊ុនរបស់សហគ្រិនខ្មែរ ដែលលេចធ្លោជាងគេនៅកម្ពុជា ចូលរួមមិនស្ទាក់ស្ទើរ លើកិច្ចការជួយសង្គម និងសកម្មភាពសប្បុរសធម៌ជាច្រើន ជាមួយប្រមុខរាជរដ្ឋាភិបាល និងស្ថាប័ននានា។ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស តែងតែជ្រោមជ្រែង និងឧបត្ថម្ភជាហូរហែ ស្ទើរតែគ្រប់វិស័យនៅកម្ពុជា រួមមានវិស័យកីឡា សុខាភិបាល ទេសចរណ៍ អប់រំ និងវិស័យសិល្បៈនេះជាដើម៕

To Top