(ភ្នំពេញ) នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានដឹកនាំបុគ្គលិកទៅគោរពវិញ្ញាណក្ខន្ធសពក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិមុខទិសទី១ ខេត្តព្រះវិហារ និងលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជន្មាយុ ៤៣ឆ្នាំ ដែលបានទទួលមរណភាពក្នុងបុព្វហេតុការពារជាតិនៅតំបន់អានសេះ ព្រំដែនកម្ពុជា-ថៃ។
បន្ថែមពីនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានពាំនាំនូវទឹកប្រាក់ឧបត្ថម្ភ ចំនួន ២០ លានរៀល ជូនដល់ក្រុមគ្រួសារសព ដោយសង្ឃឹមថាការឧបត្ថម្ភនេះនឹងអាចជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់យោធិនពលី ក្នុងពេលវេលាដ៏ក្រៀមក្រំមួយនេះ។
អ្នកឧកញ៉ា លាង ម៉េង និងបុគ្គលិកនៃធនាគារ ជីប ម៉ុង ទាំងអស់ សូមគោរពអរគុណនូវវីរភាពដ៏អង់អាច និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង និងលោកវរសេនីយ៍ត្រី លៀម សំពៅមាស ព្រមទាំងយោធិនពលីនៅក្នុងសមរភូមរវាងកម្ពុជា-ថៃ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ធនាគារ ជីប ម៉ុង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អ្នកឧកញ៉ា លាង ម៉េង ជាអគ្គនាយក ក៏បានប្រកាសជាសាធារណៈ លុបបំណុលចោលទាំងស្រុងរបស់អតិថិជន ដែលជាយោធិនពលី និងយោធិនពិការ ព្រមទាំងបន្ថែមឱ្យមានការជូនជាទឹកប្រាក់ឧបត្ថម្ភ ដោយក្នុងមួយគ្រួសារទទួលបានទឹកប្រាក់ ២០ លានរៀលសម្រាប់យោធិនពលីជីវិត ទឹកប្រាក់ ១០ លានរៀលសម្រាប់យោធិនពិការ និងទឹកប្រាក់ ២ លានរៀលសម្រាប់យោធិនរងរបួសស្រាល។








