អត្ថបទ

សន្និសីទសារព័ត៌មាន កម្មវិធី Ford Adventure​ 2025

ភ្នំពេញ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥​ – ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល​ ផលិត និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ ២០២៥ លើកទី១៩ ឆ្ពោះទៅកាន់ ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា នៅក្នុងខែធ្នូ ខាងមុខនេះ។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២៥ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុន TotalEnergies, ក្រុមហ៊ុន BSP Finance, ធនាគារ KB Daehan Specialized Bank Plc., និងក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Fuji Aire ។

គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៩​ នេះមានរយៈពេល ៣ថ្ងៃ ២យប់ ដោយរៀបចំចំនួន ២ លើក។ លើកទី១ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ និងលើកទី២  ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងក្បួនរថយន្ត​ប្រមាណជាង ១២០គ្រឿង និងអ្នកចូលរួមសរុបប្រមាណជាង ៦០០នាក់ ដោយធ្វើដំណើរចេញពីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី រួមទាំងមានកម្មវិធី​​ចែក​អំណោយ​សប្បុរសធម៌​ទៅកាន់គ្រួសារ​ក្រីក្រ ប្រមាណជាង ៤០០គ្រួសារ រួចទស្សនា​រមណីយដ្ឋាន​ធម្មជាតិដ៏ស្រស់បំព្រង​ដែលតំណាងអោយ​ខេត្តមណ្ឌលគិរី និងធ្វើការសម្រាក​បោះជំរុំចំនួន ២យប់ រួមទាំងមានសកម្មភាពកម្សាន្តផ្សេងៗ ​ដើម្បីបង្តើត​បរិយាកាស​សប្បាយរីករាយទៅកាន់អតិថិជន Ford ដែលបានចូលរួម​ផងដែរ។

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានរៀបចំដំណើរកម្សាន្តអតិថិជន Ford Adventure ជារៀងរាល់ឆ្នាំ ​ ហើយកម្មវិធី Ford Adventure ឆ្នាំនេះ ជាកម្មវិធីលើកទី១៩ ហើយ។ គោលដៅចម្បងនៃការរៀបចំកម្មវិធីនេះឡើងគឺ ទី១. ដើម្បីអតិថិជនអាចរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ នាឳកាសវិស្សមកាលចុងឆ្នាំ ទី២. ដើម្បី​ចូលរួម​គាំទ្រ​វិស័យ​ទេសចរណ៍ និងលើកស្ទួយសេដ្ឋកិច្ចជាតិ និង​ទី៣. ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការបោះជំរំដ៏អស្ចារ្យ​នៅ​រមណីយដ្ឋាន​ធម្មជាតិ ព្រៃភ្នំដ៏ស្រស់ស្អាត។​​​​

លោក តាំង សុរីដា ប្រធានផ្នែកឥណទាន​ទូទាំងប្រទេស តំណាងអោយក្រុមហ៊ុន​ BSP Finance Cambodia PLC បានមានប្រសាសន៍ថា៖ “ការបន្តចូលរួមក្នុងកម្មវិធីនេះ​ គឺបង្ហាញនូវកិច្ចខិតខំប្រឹងប្រែង​ ក្នុងភាពជាដៃគូដ៏ជិតស្និទ្ធ​ និងយូអង្វែង​ រវាង​ ក្រុមហ៊ុន​ BSP Finance នឹង​ ក្រុមហ៊ុន​ RMA Cambodia (Ford) ក្នុងការបន្តនូវការផ្តល់សេវាកម្មបង់រំលោះរថយន្ត​ គ្រប់ម៉ូដែលរបស់​ RMA ជាពិសេស​ ម៉ូឌែល​ រថយន្ត​ Ford ជូនដល់អតិថិជនដែលមានតម្រូវការជាក់ស្តែងគ្របដណ្តប់ទូទាំងប្រទេស ។”

លោក Jeon Yongsun នាយកផ្នែកទីផ្សារ នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែងដែលធនាគារឯកទេស ខេប៊ី ដេហាន ម.ក (“KB Daehan”)​ បានក្លាយជាផ្នែកមួយក្នុងព្រឹត្តិការណ៍ Ford Adventure 2025 នេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីបច្ចេកវិទ្យាឈានមុខ និងភាពធន់របស់រថយន្ត Ford ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសឲ្យយើងបានទទួលបទពិសោធន៍ពីភាពអស្ចារ្យនៃដំណើរកម្សាន្តជាមួយរថយន្ត Ford និងសមាជិកគ្រួសារ Fordទាំងអស់គ្នាផងដែរ ។ ធនាគារឯកទេស KB Daehan មានគោលបំណងធ្វើឱ្យការទទួលបានរថយន្ត Ford កាន់តែងាយស្រួល សម្រាប់អតិថិជនទូទាំងប្រទេស តាមរយៈការអនុម័តយ៉ាងឆាប់រហ័ស ការផ្តល់ហិរញ្ញប្បទានដែលអាចបត់បែនបាន និងអត្រាការប្រាក់ប្រកួតប្រជែង។ ធនាគារឯកទេស KB Daehan នៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូរយៈពេលវែងរបស់ខ្លួន និងគាំទ្រដល់ការរីកចម្រើនជាមួយ Ford ក្នុងទីផ្សាររថយន្តនៅកម្ពុជា។ ធនាគារឯកទេស KB Daehan សូមជូនពរឲ្យដំណើរកម្សាន្ត Ford Adventure 2025 នេះ ប្រព្រឹត្តទៅបានដោយជោគជ័យ និងទទួលបានបទពិសោធន៍ដ៏រំភើបដែលមិនអាចបំភ្លេចបាន ។” 

លោក Teng Ying Qin អគ្គនាយករងផ្នែកអាជីវកម្មលក់រាយ នៃក្រុមហ៊ុន TotalEnergies បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ យើងខ្ញុំពិតជាសេចក្តីសោមនស្សរីករាយ ដែល TotalEnergies មានឱកាសចូលរួមក្នុងដំណើរកម្សាន្តនេះ ដែលជាដំណើរកម្សាន្តលើកទី១៩ នៃ Ford Adventure។ TotalEnergies នឹងបន្តជាដៃគូសហការ​ដ៏ជិត​ស្និត​មួយ​របស់ Ford និង RMA Cambodia ដែលយើងតែងតែប្តេជ្ញាផ្តល់​ជូននូវសេវាកម្ម​ដ៏ល្អ​ឥត​ខ្ចោះ និងគុណភាពខ្ពស់ដល់​អតិថិជន​ដែល​បាន​ចូល​រួមក្នុងកម្មវិធី Ford Adventure ទាំងអស់យ៉ាងមានទំនុកចិត្ត ដើម្បីធ្វើអោយកម្មវិធី​​នេះអាចប្រព្រឹត្តទៅ​ដោយ​រលូន។ សម្រាប់ពួកយើង កម្មវិធីនេះ មិនមែនត្រឹមតែជាកម្មវិធីដំណើរកម្សាន្តទេ តែវា​ជា​ចក្ខុ​វិស័យ​មួយ​ ដើម្បី​បង្កើន​ចំណងទំនាក់ទំនង​រវាង​អតិថិជន​អោយកាន់តែស្អិតល្មួត តាមរយៈការសហការជាមួយនឹងក្រុមហ៊ុន RMA Cambodia ដូច្នេះ យើងខ្ញុំសូមចូលរួមបង្កើតអនុស្សាវរីយ៍ដ៏ល្អជាមួយបងប្អូនទាំងអស់គ្នា និងសូម​អោយ​ដំណើរកម្សាន្ត​ឆ្នាំនេះ ទទួល​បានជោគជ័យ និងសុខ​សុវត្ថិភាព។”  


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top