អត្ថបទ

វើក រៀបចំការប្រកួតបាល់ទះសប្បុរសធម៌ ប្រមូលថវិកាជូនជនភៀសសឹក ស្របពេលកំពុងជំរុញវិស័យបាល់ទះក្នុងព្រឹត្តិការណ៍ប្រកួតធំៗ ៣ ទៀត

(ភ្នំពេញ)៖ វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសពីការចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទះធំៗ ៣ ប្រចាំឆ្នាំ ២០២៦ រួមមាន៖ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ការប្រកួតបាល់ទះដណ្តើមប្រាក់រង្វាន់សម្តេចបវរធិបតី, និងព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេស។

ថា្នក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែទទួលបានការកោតសរសើរពីបងប្អូនជនរួមជាតិ លើការជួយត្រឡប់ទៅសង្គមវិញ មិនទាន់បានបញ្ឈប់តួនាទីជាកម្លាំងជួរក្រោយនៅឡើយទេ។ ជាក់ស្តែង មុននឹងចាប់ផ្ដើមការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ វើក បានសហការជាមួយសហភាពសហព័ន្ធកីឡាបាល់ទះកម្ពុជា រៀបចំ «ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌» ដើម្បីប្រមូលមូលនិធិជូនជនភៀសសឹក ដែលទទួលបានថវិកាសរុប ១០២ លានរៀលភ្លាមៗ ពីគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤។

ការប្រកួតបាល់ទះសប្បុរសធម៌របស់ វើក នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានក្រុមខ្លាំងទាំងបួនចូលរួម ក្នុងនោះមានក្រុមបាល់ទះវិសាខា ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្រុមបាល់ទះក្រសួងមហាផ្ទៃ និងក្រុមបាល់ទះស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ។

បងប្អូនអ្នកគាំទ្រអាចចូលរួមតាមរយៈការទិញសំបុត្រចូលទស្សនាការប្រកួតផ្ទាល់ ឬតាមរយៈ គណនីធនាគារ ជីប ម៉ុង ខាងក្រោម។ សូមបញ្ចាក់ថា រាល់ទឹកប្រាក់បរិច្ចាគទាំងអស់ នឹងត្រូវយកទៅជួយឧបត្ថម្ភបងប្អូនជនភៀសសឹកទាំងស្រុងដែលពុំទាន់អាចវិលត្រលប់ទៅផ្ទះវិញបានក្នុងការជួយសម្របសម្រួល ក្នុងការរស់នៅរបស់ពួកគាត់ដោយរៀបចំសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ។

ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ

To Top