ជីប ម៉ុង រីថែល ផ្សារទំនើបកូនខ្មែរដំបូងគេ ដែលចូលរួមគាំទ្រផលិតផលខ្មែរ ក្នុងយុទ្ធនាការផលិតផលជាតិ លើកស្ទួយអាជីវកម្មក្នុងស្រុក
(ភ្នំពេញ)៖ ជាផ្សារខ្មែរ ដែលតែងតែគាំទ្រគ្រប់សកម្មភាពលើកស្ទួយផលិតផលខ្មែរពិតប្រាកដ! ជីប ម៉ុង រីថែល បានក្លាយជាទីតាំងសម្ពោធផ្លូវការនូវ «យុទ្ធនាការផលិតផលជាតិ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងសិប្បករ-ផលិតករក្នុងស្រុក តំណាងវិស័យឯកជន សហគ្រាសធុនតូច-មធ្យម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាព បង្ហាញពីការសាមគ្គីភាពគ្នាជាធ្នុងមួយ ក្នុងការចូលរួមលើកកម្ពស់ផលិតផលជាតិ ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន បូកផ្សំនឹងបែបផែនថ្មីនៃផ្សារទំនើបនៅកម្ពុជា មិនថាជាផ្សារទំនើប ម៉ាត ឬមីនីម៉ាត ដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងស្រុកឱ្យកាន់តែងាយស្រួល ក៏ដូចជាសម្រួលដល់ភាពចាំបាច់របស់ភ្ញៀវបរទេសនៅតាមតំបន់។
ក្នុងនាមជាប្រជាជនខ្មែរ ផ្សារភ្ជាប់ឈាមជ័រតែមួយ អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ សុទ្ធតែរួមគ្នាជាចំណែកដែលមិនអាចខ្វះបាន តាមរយៈការចូលរួមគាំទ្រ និងការជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅគ្រប់សាខារបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាសកម្មភាពសកម្មក្នុងការជួយផ្សព្វផ្សាយ និងពង្រីកការនាំចេញផលិតផលជាតិទូទាំងប្រទេស។
ការជ្រើសរើសប្រារព្ធ «យុទ្ធនាការផលិតផលជាតិ» ក្នុងទិវានៃក្តីស្រលាញ់នេះ គឺបង្ហាញចេញនូវសមានចិត្តមួយដ៏រឹងមាំសម្រាប់ប្រជាជនខ្មែរ ដោយបង្ហាញទាំងក្តីស្រលាញ់ មោទនកភាព និងការគាំទ្រទៅលើផលិតផលកើតចេញពីស្នាដៃប្រជាជនខ្មែរគ្រប់រូប ក្នុងនាមជាកសិករ ផលិតករ សិប្បករ និងមុខងារជាច្រើនទៀត ដែលសុទ្ធសឹងតែចូលរួមចំណែកក្នុងភាពរីកចម្រើននៃវិស័យផ្សារទំនិញជួញដូរនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលជាផ្នែកមួយនៃ ជីប ម៉ុង រីថែល តែងតែមានពាក្យស្លោកប្រចាំខ្លួន គឺ «គាំទ្រកសិផលខ្មែរ លើកស្ទួយកសិផលក្នុងស្រុក» ហើយតែងតែមានសកម្មភាពជាហូហែ ក្នុងការចុះបញ្ជរទិញទិន្នផលដល់ចំការក្នុងស្រុក តាមរដូវកាល។ ជាមួយនឹងវត្តមាននៃ «ភូមិខ្មែរអ្នកធ្វើ» ដែលជាចលនាលើកតម្កើងផលិតផល និងសិប្បកម្មក្នុងស្រុកយ៉ាងពេញទំហឹង ជីប ម៉ុង រីថែល ប្តេជ្ញានឹងនៅតែបន្តជំរុញស្នាដៃប្រជាជនខ្មែរគ្រប់តំបន់ ធ្វើយ៉ាងណាឱ្យសង្គមយើងកាន់តែរីកចម្រើនគ្រប់វិស័យ។






