បរទេស៖ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃចន្ទនេះ បានទុកពេល៥ថ្ងៃឲ្យអាជ្ញាធរ ដើម្បីអភិវឌ្ឍប្រព័ន្ធតាមដានមនុស្ស ដែលចូលទៅប្រាស្រ័យទាក់ទង ជាមួយអ្នកណាម្នាក់ ដែលផ្ទុកកូរ៉ូណាវីរុស ដោយប្រើប្រាស់ទិន្នន័យទីតាំងភូមិសាស្ត្រលើទូរសព្ទចល័ត។
ស្ថិតក្រោយប្រព័ន្ធថ្មីនេះ មនុស្សនឹងត្រូវបានបញ្ជូនព័ត៌មានឲ្យ ប្រសិនបើពួកគេចូលទៅធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នកដែលមានផ្ទុកកូរ៉ូណាវីរុស ហើយ ព័ត៌មានដូចគ្នានេះ នឹងត្រូវបញ្ជូនបន្តទៅឲ្យទីស្នាក់ការកណ្ដាលពិសេស ដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវដង្ហើមថ្មី។
យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែមីនា ឆ្នំា២០២០ បានឲ្យដឹងថា វិមានក្រឹមឡាំងបាននិយាយថា វិធានការនេះគឺមានភាពស្របច្បាប់ និងជាផ្នែកមួយនៃក្បួនចំណាត់ការដែលប្រទេសរុស្ស៊ី កំពុងតែប្រើប្រាស់ ដើម្បីព្យាយាមប្រឹងប្រែងបញ្ឈប់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស៕
ប្រែសម្រួល៖ ប៉ាង កុង