មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន CNN បានដកស្រង់សំដី មន្រ្តីការពារជាតិអាមេរិកម្នាក់ថា រដ្ឋាភិបាលអ៊ីតាលី បានស្នើសុំការគាំទ្រ ពីកងកម្លាំងប្រដាប់អាវុធអាមេរិក ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី Lorenzo Guerini បានស្នើសុំរដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិក លោក Mark Esper នូវសំភារៈវេជ្ជសាស្រ្តចាំបាច់ ដូចជា ម៉ាស និងបំពង់ខ្យល់សម្រាប់អ្នកជំងឺ។ ប្រព័ន្ធផ្សព្វផ្សាយបានបន្តទៀតថា រដ្ឋាភិបាលទីក្រុងរ៉ូម បានស្នើឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តល់បុគ្គលិកពេទ្យនិងមន្ទីរពេទ្យ នៅតាមមូលដ្ឋានទៀតផង។
យោងតាមស្ថានទូតអាមេរិក ប្រចាំនៅប្រទេសអ៊ីតាលីបានឱ្យដឹងថា ទន្ទឹមនឹងនេះ កងទ័ពអាកាសសហរដ្ឋអាមេរិកនៅអឺរ៉ុប (USAFE) បានចាប់ផ្តើមប្រគល់គ្រឿងបរិក្ខារពេទ្យ ដល់ប្រទេសអ៊ីតាលី រួចរាល់ហើយដែរ។
ស្ថានទូតអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យ «ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃការវីរុសកូវីដ១៩ យន្តហោះ 86th Airlift Wing C-130J Super Hercules បានហោះចេញពីអាកាសយានដ្ឋាន Ramstein ប្រទេសអាល្លឺម៉ង់ ដោយបានដឹកជញ្ជូនប្រព័ន្ធសម្រាប់អ្នកជំងឺ Patient Staging ទៅកាន់អាកាសយានដ្ឋាន Aviano AB [មូលដ្ឋានទ័ពអាកាស] ប្រទេសអ៊ីតាលី ដើម្បីប្រគល់ជូនក្រសួងការពារជាតិអ៊ីតាលី។
ប្រទេសអ៊ីតាលី កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ ច្រើនជាងបណ្តាប្រទេសនៅអ៊ឺរ៉ុបដទៃទៀត ដែលមានករណីឆ្លងជិត ៦០.០០០ ករណី និងការស្លាប់ ដែលទាក់ទងនឹងវីរុសឆ្លងនេះ ជាង ៥.៤០០ នាក់៕ ប្រែសម្រួលៈ ណៃ តុលា