កំពង់ចាម ៖ ប្រធានគណៈកម្មការប្រឆាំងជំងឺ Covid-19) ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០ ២០ នេះ បានចាត់ឲ្យក្រុមការងាររបស់ខ្លួន បើកយុទ្ធនាការ តាមបណ្ដាលស្រុក-ក្រុងទូទាំងខេត្ត ប្រើមេក្រូផ្សព្វផ្សាយ អំពីវិធីសាស្រ្តការពារ និងទប់ស្កាត់ការឆ្លងរាលដាលពីជំងឺ (Covid-19) ។
អនុវត្តតាមការណែនាំ របស់ប្រធានគណៈកម្មការប្រឆាំងជំងឺ Covid-19) ខេត្តកំពង់ចាម នៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០ នេះ សមត្ថកិច្ចកងកម្លាំង នៃរដ្ឋបាលស្រុកបាធាយ បានប្រើប្រាស់រថយន្ត និងមេក្រូបំពងសំឡេង ផ្សព្វ ផ្សាយឲ្យប្រជាពលរដ្ឋ ដែលជាពលករ ទើបវិលត្រឡប់មកដល់ផ្ទះវិញ ត្រូវរស់នៅដាច់ដោយឡែក ពីក្រុមគ្រួសារ រយៈពេល ១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា ខ្លួនមិនមានផ្ទុកជម្ងឺកូវីដ១៩ និងដើម្បីកុំឲ្យឆ្លងជំងឺនេះ ទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។
ដោយឡែក អ្នកដែលមានអាការៈ គួរឲ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺកូវីដ១៩ ត្រូវប្រញ៉ាប់រាយការណ៌ ទៅមន្រ្តីសុខាភិបាល តាមរយៈទូរសព្ទ័លេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។
ម្យ៉ាងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ កូវីដ១៩ផងដែរ។ ដូច្នេះ ដើម្បីទប់ស្កាត់ កុំឲ្យមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះ ដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះដែរ តាមមន្ត្រីរដ្ឋបាលសាលា ខេត្តកំពង់ចាមឲ្យដឹងថា ប្រធានគណៈកម្មការប្រឆាំងជំងឺ (Covid-19) ខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានណែនាំឲ្យមន្រ្តីជំនាញ ពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយ នៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ ជំងឺកូវីដ១៩ នេះ ទាំងអស់គ្នា៕