ភ្នំពេញ៖ ក្រោយទទួលបានដំណឹងថា មាននិស្សិតខ្មែរមួយចំនួន ដែលសិក្សានៅសហរដ្ឋអាមេរិក គ្រោងត្រឡប់ចូលមកកម្ពុជាវិញនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូមអង្វរនិស្សិតទាំងនោះ ឲ្យផ្អាកការវិលត្រឡប់សិន ដើម្បីចៀសវាងការនាំចូលជំងឺ មកឲ្យប្រទេសនិងក្រុមគ្រួសារ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៩៣នាក់ហើយ។
ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទស សហការជាមួយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាផ្អាកការវិលត្រឡប់ របស់និស្សិតទាំងនោះសិន រង់ចាំស្ថានភាពជំងឺធូរស្រាល ឬវិលទៅរកសភាពដើមវិញសិន។
សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងថា “ខ្ញុំបានទទួលព័ត៌មានមួយថា និស្សិតខ្មែរយើង១២នាក់ នឹងត្រឡប់មកពីអាមេរិក ដែលកំពុងតែសម្របសម្រួល ដោយស្ថានទូត ត្រូវសួរអារឿងហ្នឹងឡើងវិញមើល ទៅប្រាក់សុខុនមើល តើវាយ៉ាងម៉េច តើវាយ៉ាងម៉េច ហេតុអីបានជា ត្រូវមកនៅពេលហ្នឹង តើអាមេរិកបណ្ដេញចេញ ឬយ៉ាងម៉េច ឬក៏យើងស្ម័គ្រចិត្តមកខ្លួនឯង ! ឥឡូវសូមអង្វរកសូម ឈប់មក កុំមកសូមអង្វរកឲ្យនៅហ្នឹងតែម្ដងទៅ។ ហើយអាចស្នាក់នៅស្ថានទូត ប៉ុន្តែឥឡូវយើងអង្វរក្មួយៗទាំងនោះ ឲ្យផ្អាកការវិលត្រឡប់ ហើយឲ្យបន្តការរៀនតាមអនឡាញទៅ។ ព្រោះបើសិនមកឥឡូវ មកតាមច្រកណាមក សុទ្ធតែឆ្លងកាត់ដែនដី ដែលមានហានិភ័យខ្ពស់ មិនមានជំងឺចូលស្រុកទេ”។ ឥឡូវទាក់ទងទូតភ្លាម ទាក់ទងទៅនិស្សិតហ្នឹងភ្លាម គឺទ្រាំការលំបាកបន្តិច ទៅជាជាងនាំជំងឺមកក្នុងប្រទេស និងនាំជំងឺមកក្នុងគ្រួសារ កុំរត់ចោលអាមេរិកអី នៅជាមួយអាមេរិកទៅ សាមគ្គីជាមួយប្រជាជនអាមេរិកទៅ ដូចដែលខ្ញុំបាននិយាយ កុំរត់ចោលប្រជាជនចិន សាមគ្គីជាមួយចិនទៅ”។ សម្ដេចបញ្ជាក់ថា នឹងមិនមានការជម្លៀសនិស្សិតខ្មែរ នៅគ្រប់ប្រទេស ដើម្បីនាំយកមកស្រុកខ្មែរវិញឡើយ ។
សម្ដេចបន្ថែមថា “មុននេះខ្ញុំក៏មិនជម្លៀស និស្សិតចេញពីចិន ឥឡូវខ្ញុំក៏មិនជម្លៀស និស្សិតចេញពីប្រទេសទាំងអស់ នៅវៀតណាម ក៏មិនជម្លៀស នៅថៃក៏មិនជម្លៀសនៅប្រទេសណា ក៏មិនជម្លៀសដែរ។ សូមពិនិត្យមើលអាកន្លែងហ្នឹងវិញ”។
ទាក់ទងជាមួយពលករខ្មែរ មកពីប្រទេសថៃវិញ សម្ដេចតេជោបានបញ្ជា ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវតាមដានគ្រប់គ្រង ស្ថានការណ៍ឲ្យបានហ្មត់ចត់ បើមានការសង្ស័យថា មានអ្នកណាម្នាក់ មានផ្ទុកជំងឺកូវីដ១៩ ត្រូវឃាត់ដាក់ឲ្យនៅដាច់ដោយឡែកពីគេ ឲ្យបានរយៈពេល១៤ថ្ងៃសិន ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាល និងតាមដានជំងឺ។
សម្ដេចនាយករដ្ឋមន្រ្តីបន្តថា “ត្រូវគ្រប់គ្រងបន្ទាន់ នូវពលករដែលមកពីថៃ ដែលបានចូលរួចមកហើយនេះ ចូលរួចមកហើយ តាមគ្រប់គ្រងអ្នកទាំងហ្នឹង ដែលប្រគល់ការងារនេះ ឲ្យអាជ្ញាធរខេត្ត រៀបចំបណ្ដាញចុះ ដើម្បីដាក់ឲ្យនៅដោយឡែកនៅតាមផ្ទះ”។
ក្នុងឱកាសនោះ សម្ដេចតេជោ បានអំពាវនាវដល់ពលករ ដែលចេញពីប្រទេសថៃ ចូលមកកម្ពុជាថ្មីៗនេះ កុំឲ្យមានការភ័យខ្លាចថា គេចាប់យកទៅឃុំទុកតទៅទៀត បើដឹងថា ខ្លួនទើបមកពីថៃ ត្រូវនៅឲ្យដាច់ដោយឡែក ពីក្រុមគ្រួសារ ដោយដាក់ឃុំខ្លួនឯង រយៈពេល១៤ថ្ងៃសិន ប្រការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ១៩ ទៅដល់ក្រុមគ្រួសារ។
ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានថ្លែងការកោតសរសើរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលហ៊ានស្ម័គ្រចិត្ត មកពិនិត្យរកមេរោគកូវីដ១៩ ខណៈបណ្ដាប្រទេសមួយចំនួន នៅលើសកលលោក នៅមានការភ័យខ្លាច មិនហ៊ានមកពិនិត្យ រកមេរោគនេះនៅឡើយ។
សម្ដេចតេជោថ្លែងបន្តថា “ប៉ុន្តែចំណុចល្អ នៅត្រង់ប្រជាពលរដ្ឋរបស់យើងល្អ ត្រង់ចេះគាត់ស្ម័គ្រចិត្ត មកពិនិត្យរកមេរោគកូវីដ១៩ ដោយសុខពីប្រទេសដទៃ ប្រទេសដទៃ រហូតប្រើប៉ូលិសទៅចាប់ហ្អា ទៅចាប់យកចេញពីផ្ទះ ប៉ុន្តែប្រជាពលរដ្ឋរបស់យើង លឺថា (ប្រព័ន្ធទូរសព្ទ) ១១៥រោទិ៍រហូត! គាត់សង្ស័យគាត់អី គាត់ចេះភ្ញាក់រហូត! ព្រោះប្រជាពលរដ្ឋត្រូវយល់ដឹងនេះ ជាសុខភាពផ្ទាល់ខ្លួន មិនមែនជាផលប្រយោជន៍របស់អ្នកណា ក្រៅពីផលប្រយោជន៍ខ្លួនឯងនោះទេ! ផលប្រយោជន៍ខ្លួនឯង អីចឹងទេនៅពេលដែលសង្ស័យ ថាខ្លួនមានបញ្ហាមានផ្ទុកមេរោគ ខ្លួនត្រូវរាយការណ៍មក ហើយសុំការទទួលការពិនិត្យ ពីសំណាក់គ្រូពេទ្យថាមានជំងឺឬអត់”។ សម្ដេចថ្លែង សង្កត់ធ្ងន់ថា ជាដំបូងត្រូវរុករកអ្នក ដែលមានការពាក់ព័ន្ធផ្ទុកជំងឺកូវី១៩ឲ្យឃើញ ហើយត្រូវយកមកដាក់ នៅដោយឡែកពីគេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេស ត្រូវចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លង ពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារ ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀតគឺបងប្អូនមានឱកាសច្រើន បានរស់នៅជួបជុំ បង្កភាពសប្បាយរីករាយ ដល់ក្រុមគ្រួសារផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការវិវត្តនៃជំងឺនេះ កម្ពុជាបានដាក់វិធានការ ដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញ អោយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រមូលការខិតខំចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិ អោយប្រជាពលរដ្ឋយើងបានដឹង ជាពិសេសអ្នកដែលទើបមកពីក្រៅប្រទេស ។ សម្តេចតេជោបន្តថា ក្នុងដំណាក់កាលទី២នេះ យើងមានកិច្ចការសំខាន់៣ គឺ៖
កិច្ចការទី១) គឺត្រូវទប់ស្កាត់ការរីករាលដាល អ្នកមកពីក្រៅប្រទេស។ សម្តេចតេជោបានបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ ដែលកើតជំងឺនេះនៅកម្ពុជា ត្រូវបានទទួលការព្យាបាលដោយ មិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការជម្លៀសនិស្សិត ដែលកំពុងសិក្សានៅក្រៅប្រទេសឡើយ។ ត្រូវមានការគ្រប់គ្រងពលករ ដែលមកពីប្រទេសថៃ ត្រូវដាក់ពួកគាត់ អោយនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃសិន។ កម្ពុជាក៏ មិនអោយមានមន្ត្រីកម្ពុជា ទៅប្រជុំនៅខាងក្រៅប្រទេសឡើយ ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអោយអាជ្ញាធរកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរថៃ ក្នុងការធ្វើមាតុភូមិនិវត្ត ប្រកបដោយសុវត្តិភាពនៃពលករខ្មែរ។
កិច្ចការទី២) គឺការពារអ្នកឆ្លង កុំអោយឆ្លងទៅអ្នកដទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត។ ត្រូវខិតខំផ្សព្វផ្សាយ គ្រប់មធ្យោបាយពីវិធីបង្ការ ការពារជំងឺកូវីដ១៩។
សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើង បានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេ នៅកន្លែងសំខាន់ៗមួយចំនួន ដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជា មិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋ សប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។ សម្តេចតេជោ សូមកុំអោយប្រជាពលរដ្ឋ កុំប្រើអបិយជំនឿបណ្តេញជំងឺកូវីដ ដូចជាការអុចភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។ សម្តេចតេជោ អំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ ឬក្រមារអោយប្រជាពលរដ្ឋ តាមបណ្តាខេត្ត បើអាចធ្វើបាន។
សម្តេចតេជោក៏បានប្រកាសថា សម្តេចតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវ មិនអោយមានការរើសអើង អ្នកជំងឺកូវីដនោះ ជាពិសេសក្រោយពេល ដែលគាត់បានជាសះស្បើយ។
កិច្ចការទី៣) ត្រូវខិតខំព្យាបាល អ្នកជំងឺអោយជាសះស្បើយ។ ត្រូវរៀបចំបញ្ជើឈ្មោះអ្នកជំងឺ អោយបានត្រឹមត្រូវ ទាំងអ្នកជំងឺបរទេសនិងខ្មែរ។ ការបែងចែកទីតាំង សំរាប់ព្យាបាលអ្នកដែលបានឆ្លង ជំងឺ និងទីតាំងសម្រាប់អ្នក ដែលសង្ស័យដែលត្រូវដាក់ អោយនៅដាច់ដោយឡែក គឺយើងត្រូវយកចិត្តទុកដាក់ សម្រាប់ពួកគាត់ ដោយមានរៀបចំជាគ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ ៣ពេលអោយគាត់។ ចំពោះគ្រូពេទ្យ ដែលចេញប្រតិបត្តិការទាំងអស់ ត្រូវបំពាក់សម្ភារអោយបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ ហ្វឹកហាត់អោយបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាពខ្លួនឯង។ ត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញ មកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយមកយើង។
សម្តេចតេជោ សូមអោយប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមក្នុងប្រតិបត្តិការ ប្រឆាំងកូវីដនេះទាំងអស់គ្នា។ សូមប្រែក្លាយវិបត្តិនៃជំងឺនេះ អោយក្លាយទៅជាកាលានុវត្តភាព នៃការយកចិត្តទុកដាក់ថែទាំសុខភាព របស់ប្រជាពលរដ្ឋយើងម្នាក់ៗ។ ក្នុងប្រតិបត្តិនេះ សម្តេចតេជោ បានផ្តល់ជូនម្នាក់១លានរៀល សម្រាប់ថ្ងៃដំបូង និងបន្ទាប់មកទៀត សម្តេចតេជោបានទទួលរ៉ាប់រង ចិញ្ចឹមក្មួយៗពេទ្យស្ម័គ្រចិត្ត ក្នុងប្រតិបត្តិការនេះទាំងអស់១០០ថ្ងៃ ដោយម្នាក់ៗទទួលបានការឧបត្ថម្ភ១ខែ ចំនួន១លាន២សែនរៀល ដែលជាថវិកាក្រុមគ្រួសារ សម្តេចតេជោផ្ទាល់។ ហើយសម្រាប់ពេលហ្វឹកហាត់វិញ ក្រសួងនឹងផ្តល់ជូនពួកគាត់ ចំនួន៨ម៉ឺនរៀលក្នុង១ថ្ងៃ និងពេលចេញប្រតិបត្តិការ គឺទទួលបាន១៤ម៉ឺនរៀល ដូចគ្រូពេទ្យធម្មតាដែរ៕ ដោយ៖ធី លីថូ