ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ អាជ្ញាធរចុះស្រាវជ្រាវ កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស ហើយស្នើសុំពួកគាត់ នៅដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។
ក្នុងជំនួបសំណេះសំណាល ដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ច នៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០ សម្ដេច ស ខេង បានថ្លែងថា
នៅតែមានពលរដ្ឋខ្មែរ ពីប្រទេសថៃ ឡាវ និងវៀតណាម ធ្វើដំណើរចូលមកប្រទេស ជាបន្តបន្ទាប់ ហើយដាច់ខាត មិនអាចបដិសេធមិនឲ្យពលរដ្ឋខ្មែរ វិលចូលប្រទេសបានឡើយ។
សម្ដេច មានប្រសាសន៍ថា “សម្រាប់ពលរដ្ឋ ដែលបានវិលទៅដល់ភូមិកំណើតហើយនោះ អាជ្ញាធរភូមិឃុំ បានចុះស្រាវជ្រាវកំណត់អត្តសញ្ញាណពួកគាត់ និងបានស្នើសុំនៅដោយឡែក ដើម្បីតាមដានសុខភាព”។
សម្ដេចបន្ថែមថា សម្រាប់ប្រជាពលរដ្ឋ ដែលមានការសង្ស័យ រាជរដ្ឋាភិបាល គ្មានជម្រើសអ្វី ក្រៅតែពីការនាំពួកគាត់ យកទៅដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងពិនិត្យព្យាបាលឡើយ ហើយថា សម្រាប់ការដោះស្រាយបញ្ហានេះ ក្រៅតែពីមន្ទីរពេទ្យរដ្ឋ ដែលមានស្រាប់ រាជរដ្ឋាភិបាលបានចាត់តាំង ឱ្យអភិបាលខេត្តនានា រៀបចំទីកន្លែង សម្រាប់ការស្នាក់នៅដោយឡែក និងការពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋរួចនៅតាមទីរួមខេត្តនីមួយៗ ដោយយកអគារសាលារៀន មជ្ឈមណ្ឌលរដ្ឋ និងសណ្ឋាគារមួយចំនួន។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ជាថ្មីថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស សម្រុកចូលកម្ពុជាវិញ ដោយសារអាជ្ញាធរថៃ បានសម្រេចបិទការដ្ឋានការងារមួយចំនួនផង ពួកគាត់មានការភ័យខ្លាចផង ក៏សម្រុកវិលមកវិញ។
ជាមួយគ្នានេះ សម្ដេច បន្ដថា គោលការណ៍សហប្រតិបត្តិការរវាងកម្ពុជា និងថៃ មិនមានការប្រែប្រួលនោះទេ ពោលគឺអ្វីដែលបានកើតឡើងនេះ គឺដោយសារគ្រាអាសន្ន ប្រឈមនឹងជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីទាំងសងខាង មានការយោគយល់ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាការពារ ផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។
នាឱកាស នោះដែរ សម្ដេច ក្រឡា ហោម ស ខេង ក៏បានបន្ដជួបមន្ដ្រីប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិអូរស្មាច់ ដោយ សម្ដេច ណែនាំឲ្យរដ្ឋបាលខេត្ត ត្រូវត្រៀមមន្ត្រីពាក់ព័ន្ធ នៅតាមបណ្ដាច្រករបៀងមួយចំនួន ដើម្បីធានាថា ប្រសិនពលរដ្ឋខ្លះ ងាកទៅឆ្លងដែនតាមច្រករបៀង គឺអាចគ្រប់គ្រងពួកគាត់បាន ទាំងការកំណត់អត្តសញ្ញាណ និងការពិនិត្យសុខភាព ។
សម្ដេច បន្ដថា រហូតដល់ពេលនេះ អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានក្ដាប់ចំនួនប្រជាពលរដ្ឋ វិលពីប្រទេសថៃ ទៅដល់ស្រុកកំណើត មានប្រមាណជាង៤ម៉ឺននាក់ ។
សម្ដេច បានមានប្រសាសន៍ថា “ការក្ដាប់វត្តមានពួកកាត់ មានសារសំខាន់ណាស់ ដូច្នេះអភិបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ឃោសនាអប់រំផ្សព្វផ្សាយ នៅចំណុចក្ដៅៗ នៃបញ្ហានេះដល់ប្រជាពលរដ្ឋ ពិសេសការនៅជួបជុំគ្នា”៕ ដោយ៖ អេង ប៊ូ ឆេង