បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានឲ្យដឹងថា លោកយាយវ័យ៩៦ឆ្នាំម្នាក់ នៅប្រទេសកូរ៉េខាងត្បូង បានក្លាយទៅជាអ្នកជំងឺ ដែលមានវ័យចំណាស់ជាងគេបំផុត បានជាសះស្បើយទាំងស្រុង ពីមេរោគកូរ៉ូណានៅក្នុងប្រទេស។
លោកយាយត្រូវបាន ក្រុមអជ្ញាធរទទួលបន្ទុក កិច្ចការងារសុខាភិបាល បានប្រកាសលទ្ធផលនេះ កាលពីថ្ងៃពុធម្សិលមិញ។ លោកយាយជាអ្នក ដែលរស់នៅក្នុងតំបន់Cheongdo ក្បែរទៅទីក្រុងDaegu ភាគខាងត្បូងប្រទេស ដែលជាតំបន់ត្រូវបានគេចាត់ទុកថា មានស្ថានភាពឆ្លងអាក្រក់ជាងគេបំផុត ក្នុងប្រទេសមួយផងដែរ។
គួរឲ្យដឹងដែរថា លោកយាយត្រូវបានគេរកឃើញថា បានឆ្លងជំងឺនេះតាំងតែពីថ្ងៃទី១៣ ខែមីនា ហើយក៏បន្តទទួលការថែរក្សាព្យាបាល នៅក្នុងឃ្លីនីកសាធារណៈមួយ ដែលមានឈ្មោះថា Pohang ភាគខាងកើតទីក្រុងDaegu។ បច្ចុប្បន្នលោកយាយ ត្រូវបានទុកដាក់រៀបចំ ឲ្យរស់នៅដាច់ដោយឡែកនៅឡើយ នៅក្នុងផ្ទះរបស់ខ្លួន ដែលជាកន្លែងនាងរស់នៅ ជាមួយនឹងកូនប្រុសរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី