Covid-19

មន្ទីពេទ្យឯកជនមួយ បង្ហាញពី ប្រព័ន្ធសុវត្តិភាព និងការមើលថែអ្នកជំងឺឆ្លង ធានាពីការមិនឆ្លងកូវីដ១៩ ហើយត្រៀមសហការជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នកជំងឺកូវីដ ១៩ម្នាក់ ជាជនជាតិអង់គ្លេស ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យរួចរាល់ហើយ កាលពីពេលថ្មីៗនេះ ដោយមន្ទីរពេទ្យនេះ បានបង្ហាញពីសកម្មភាពត្រួសៗ និងរបៀបថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ជាក់ស្ដែងនៅថ្ងៃទី ៣០ មីនា ២០២០ មន្ទីរពេទ្យបានបង្ហាញ នូវសកម្មភាពមួយចំនួន តាំងពីយកអ្នកជំងឺមកដល់ភ្លាម និងបញ្ជូនទៅកាន់ បន្ទប់ដាច់ដោយឡែក ។

បើតាមលោកវេជ្ជបណ្ឌិត Thanarat Samunpet នាយករងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានមានប្រសាសន៍ថា អ្នកជំងឺម្នាក់ ដែលជាជនជាតិអង់គ្លេស មកសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានជាសះស្បើយ និងត្រឡប់ទៅវិញហើយ ហើយក៏សូមបញ្ជាក់ជូន បងប្អូនប្រជាពលរដ្ឋកម្ពុជាថា ក្នុងអំឡុងពេលព្យាបាល អ្នកជំងឺកូវីដ ១៩មួយរូបនេះ គឺខាងមន្ទីរពេទ្យ មានការមើលថែដិតដល់ និងយកចិត្តទុកដាក់បំផុត ដោយបង្ការមិនអោយមានការចម្លង ទៅកាន់អ្នកជំងឺផ្សេងទៀត ឬទៅកាន់បុគ្គលិក មន្ទីរពេទ្យណាម្នាក់ឡើយ។ ជាក់ស្ដែង នៅពេលអ្នកជំងឺកូវីដ ១៩នេះ មកដល់មន្ទីរពេទ្យ ខាងក្រុមវេជ្ជបណ្ឌិត បានស្លៀកពាក់សម្លៀកបំពាក់ការពារ ត្រឹមត្រូវ ដើម្បីនាំអ្នកជំងឺទៅកាន់ បន្ទប់ដាច់ដោយឡែកមួយ តាមជណ្ដើរយន្តពិសេស តែឯង ដោយជណ្ដើរយន្តនោះ មិនមានអោយ អ្នកជំងឺណាម្នាក់ប្រើឡើយ ទុកសម្រាប់តែអ្នកជំងឺ មានជំងឺឆ្លងតែប៉ុណ្ណោះ និងបញ្ជូនអ្នកជំងឺកូវីដ១៩នោះ ទៅកាន់បន្ទប់ដាច់ ដោយឡែកមួយជាន់តែម្នាក់ឯង ដោយមិនអោយមានអ្នកណា មកកាន់ទីនោះឡើយ ។

លោកវេជ្ជបណ្ឌិតបន្តថា អ្នកជំងឺកូវីដ១៩ ជនជាតិអង់គ្លេសរូបនេះ បានមកសម្រាកព្យាបាល នៅថ្ងៃទី១១ និងជាសះស្បើយ នៅថ្ងៃទី២២ មីនា ដោយមានការគាំទ្រ និងយកចិត្តទុកដាក់បំផុត ពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ លោកបានបញ្ជាក់បន្ថែមផងដែរ ពីវិធានការក្នុងការព្យាបាល និងការពារមិនអោយឆ្លង ទៅកាន់បុគ្គលិកមន្ទីរពេទ្យ ណាម្នាក់នោះទេ ។

លោកថា៖« តាំងពីបើកដំណើរការ មន្ទីរពេទ្យដំបូង គឺខាងមន្ទីរពេទ្យ បានត្រៀមបន្ទប់មួយពិសេស សម្រាប់ទុកអ្នកជំងឺឆ្លង អោយនៅដាច់ដោយឡែក និងមានការមើលថែយ៉ាងពិសេស ។ ជាក់ស្ដែងស្ត្រីជនជាតិអង់គ្លេសរូបនេះ បានបញ្ជូនមកទុក នៅក្នុងបន្ទប់ពិសេស និងតាមដានយ៉ាងយកចិត្ត ពីក្រុមវេជ្ជបណ្ឌិត តាមប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព និងទាក់ទងតាមទូរស័ព្ទជាប្រចាំ ជាមួយអ្នកជំងឺ ដោយសាកសួរ ពីអាការអ្នកជំងឺ និងស្ថានភាពសុខភាពអ្នកជំងឺ ។

តាមពិតទៅ អ្នកជំងឺដែលមកសម្រាក ព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មិនមានជំងឺធ្ងន់ធ្ងរនោះទេ ដូច្នេះហើយ ទើបអ្នកជំងឺរូបនេះឆាប់ជា និងចាកចេញពីមន្ទីរពេទ្យ ជាក់ស្ដែងនៅអំឡុងពេល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ អ្នកជំងឺរូបនេះ អាចជជែកជាមួយ ក្រុមគ្រួសាររបស់ពួកគេ តាមទូរស័ព្ទនិងប្រព័ន្ធអនឡាញ និងអាចធ្វើចលនា ដូចជាហាត់ប្រាណបានធម្មតា ទើបធ្វើអោយក្រុមវេជ្ជបណ្ឌិត អាចព្យាបាលគាត់ បានជារហ័សបែបនេះ » ។

លោកវេជ្ជបណ្ឌិតបន្ថែមថា រហូតមកដល់ពេលនេះ មិនមានអ្នកជំងឺកូវីដ ១៩ណាម្នាក់ នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់នោះទេ ហើយបើសិនជាមានអ្នកជំងឺណាម្នាក់ មានរោគសញ្ញានៃជំងឺកូវីដ១៩ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ តាមការណែនាំរបស់១១៥ ដោយមិនអនុញ្ញាត សម្រាកនៅក្នុង មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញឡើយ ក៏ប៉ុន្តែ ខាងមន្ទីរពេទ្យ ក៏បានត្រៀម និងបណ្ដុះបណ្ដាលបុគ្គលិកពេទ្យ អោយរៀបចំវិធានការការពារ ដើម្បីសង្គ្រោះអ្នកជំងឺកូវីដ ១៩នេះផងដែរ បើសិនជាថ្ងៃខាងមុខ មានការរាលដាលកាន់តែខ្លាំង គឺត្រូវទទួលមកព្យាបាល តែយ៉ាងណាក្ដី ដោយសារតែបុគ្គលិកមន្ទីរពេទ្យ មានចំនួនកំណត់ ខាងយើងមិនអាច ទទួលអ្នកជំងឺបានច្រើននោះដែរ ។

លោកវេជ្ជបណ្ឌិត ក៏បានសាទរ និងសប្បាយចិត្ត ដោយឃើញប្រជាពលរដ្ឋកម្ពុជា ចេះភ័យខ្លាច និងចេះការពារអនាម័យខ្លួនប្រាណ ជាពិសេសលាងដៃជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច ពេលទៅជួបដទៃ ហើយសូមអោយពលរដ្ឋ អនុវត្តន៍វិធីអនាម័យនេះ ជាប់ជានិច្ច ទោះបីជាអនាគតជំងឺកូវីដ១៩នេះ រលត់បាត់ក្ដី ដើម្បីបង្ការនូវជំងឺឆ្លងនានាផងដែរ ។

វេជ្ជបណ្ឌិត វីរុន រ៉ាត់ អ្នកព្យាបាលអ្នកជំងឺកូវីដ១៩នេះផ្ទាល់ បាននិយាយថា វិធីការពារខ្លួនមិនអោយឆ្លងកូវីដ ១៩ ពីអ្នកជំងឺ ដែលវេជ្ជបណ្ឌិតប្រើនោះ គឺត្រូវកាត់បន្ថយជាអតិបរិមា នូវការជួបផ្ទាល់ជាមួយអ្នកជំងឺ ដោយវេជ្ជបណ្ឌិត បានយកវិធីមើលថែអ្នកជំងឺ តាមរយៈជជែកតាមវីឌីអូ ( Video Call ) ជាមួយអ្នកជំងឺ នឹងជួបអ្នកជំងឺផ្ទាល់ តែពេលចាំបាច់ប៉ុណ្ណោះ និងត្រូវការពាក់ខោអាវការពារ ត្រឹមត្រូវផងដែរ ៕ ដោយ៖ ស សំណាង

To Top