Covid-19

អូស្ត្រាលី និងកូរ៉េខាងត្បូង បានបង្ហាញចំណាត់ការ ប្រឆាំងនឹងកូរ៉ូណាវីរុស ដែលប៉ះពាល់ដល់សេដ្ឋកិច្ច

ប្រែសម្រួល៖ ប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីវិធានការដ៏សំខាន់ ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន មិនឲ្យធ្លាក់ចុះ ដោយសារតែការផ្ទុះ ឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស ហើយប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺថ្មីនេះមុនគេ បានរាយការណ៍ជាថ្មី ស្តីពីការថ្លាក់ចុះ នៃករណីឆ្លងថ្មីៗបន្ថែមទៀត។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសកញ្ចប់ថវិកា លើកទឹកចិត្តចំនួន ៨០ពាន់លានដុល្លារ ដែលគេហៅថា ការចំណាយរក្សាការងារ នៅថ្ងៃចន្ទនេះ ដែលនឹងផ្គត់ផ្គង់ប្រាក់ខែ ដល់បុគ្គលិកការងារ ប្រមាណ៦លាននាក់ ហើយលោកបាននិយាយប្រាប់ អ្នកសារព័ត៌មានថា ផែនការនេះ នឹងផ្តល់ឲ្យប្រជាជនអូស្ត្រាលី នូវខ្សែជីវិតសេដ្ឋកិច្ច ដែលពួកគេនឹងត្រូវការជាចាំបាច់ ក្នុងពេលជាច្រើនខែទៅមុខ។

គួរបញ្ជាក់ថា ផែនការថវិកាជាប្រវត្តិសាស្ត្រនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកញ្ចប់ថវិកាជំនួយ ចំនួន២,២ពាន់ពាន់លានដុល្លារ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា កាលពីថ្ងៃសុក្រ ឲ្យចូលជាច្បាប់ជាធរមាន៕ ប្រែសម្រួល៖ប៉ាង កុង

To Top