ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវ ឲ្យអ្នកបញ្ជាទិញទាំងអស់ ដែលទិញទំនិញពីកម្ពុជា មេត្តាធ្វើការជាមួយយើងទាំងអស់គ្នា ដើម្បីអាចរួមគ្នា ដោះស្រាយបញ្ហាលំបាក ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរីករាលដាល ដោយជំងឺកូវីដ១៩ ។
យោងតាមលិខិតចំហរបស់ GMAC នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ការឆ្លងរាលដាលជាសកល នៃជំងឺ Covid-19 បានធ្វើឲ្យមានចលាចល ដល់ជីវិតរស់នៅ និងអាជីវកម្ម របស់យើងទាំងអស់គ្នា។ សមាគមរោងចក្រកាត់ដេរ សូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ ដែលទិញពីកម្ពុជា មេត្តាធ្វើការងារជាមួយយើង ដើម្បីយើងទាំងអស់គ្នាអាចដោះស្រាយ បញ្ហាលំបាកទាំងនេះបាន»។
ភាគីទាំងអស់ នៅក្នុងចង្វាក់ផ្គត់ផ្គង់ សម្លៀកបំពាក់សកល កំពុងទទួលរងបន្ទុកដ៏ធ្ងន់ក្រៃលែង ដែលបង្កឡើងដោយជំងឺ Covid-19។ ទោះបីយ៉ាណាក្ដីក្រុមហ៊ុនផលិត (រោងចក្រ) ប្រតិបត្តិការលើប្រាក់ចំណូលតិចតួច មានសមត្ថភាពតិចតួចខ្លាំងណាស់ ក្នុងការរែកបន្ទុកបែបនេះ បើធៀបនឹងអតិថិជនរបស់យើង (អ្នកបញ្ជាទិញ)។
សមាគមសូមជំរុញអ្នកបញ្ជាទិញ មេត្តាគោរពតាមលក្ខខណ្ឌ នៃកិច្ចសន្យាទិញរបស់ខ្លួន ហើយបំពេញកតព្វកិច្ច ដោយទទួលយការដឹកទំនិញ ហើយទូទាត់ប្រាក់ សម្រាប់ទំនិញ ដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្ន កំពុងផលិតទាំងនេះ នឹងធ្វើឲ្យយើងអាចបន្ដ ផ្ដល់ការងារដល់កម្មករ ៧៥០,០០០នាក់ និងធ្វើឲ្យយើងមានសមត្ថភាព បើឈ្នួលជូនកម្មករ និងធានាដល់ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់។
សមាគមសូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ មេត្តារក្សាការទទួលខុសត្រូវ ចំពោះអ្នកផ្គត់ផ្គង់ និងកម្មករដែលបម្រើការងារ ក្នុងវិស័យរបស់យើង៕