ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានដោះលែង អ្នកទោសប្រហែល ១៨.០០០ នាក់ នៅក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់មេរោគឆ្លង ពីការឆ្លងរាលដាល តាមរយៈប្រព័ន្ធពន្ធនាគារដ៏ចង្អៀតរបស់ខ្លួន។
យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការដោះលែងអ្នកទោសដ៏ច្រើននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននិយាយថា ខ្លួននឹងដោះលែងអ្នកទោសជាង ៣ ម៉ឺននាក់ ដើម្បីដោះសម្ពាធពីពន្ធនាគារនិងឃុំខ្លួន ដោយសារលក្ខខណ្ឌគ្មាន អនាម័យ និងមានហានិភ័យខ្ពស់នៃជំងឺឆ្លងវីរុស។
អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសនានា ដោះលែងអ្នកទោសដែលងាយរងគ្រោះ ដោយក្នុងនោះ ប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសប្រមាណ ១ ម៉ឺននាក់។
អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ របស់ឥណ្ឌូនេស៊ី បាននិយាយថា“ គោលដៅរបស់យើងគឺដោះលែងអ្នកទោស ៣០.០០០ នាក់ ប៉ុន្តែវាអាចនឹងមានច្រើនជាងនេះ” ។ នេះគឺជាផ្នែកមួយនៃផែនការដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងពន្ធនាគារ៕ ប្រែសម្រួលៈ ណៃ តុលា