បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាននានា បានឲ្យដឹងថា ប្រទេសកូរ៉េត្បូង បានបើកភ្លើងខៀវ ឲ្យផ្តល់ជំនួយ ដល់ប្រទេសកូរ៉េខាងជើង សម្រាប់ជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឆ្លង នៃមេរោគកូរ៉ូណាមក។
ទីភ្នាក់ងារសារព័ត៌មាន News 1 និង Money Today បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា សម្ភារៈផ្គត់ផ្គង់ប្រឆាំងនឹងវីរុសថ្មី ដែលរួមមានទាំងឧបករណ៍អនាម័យដៃ មានតម្លៃប្រហែល៨១.០០០ដុល្លារ ត្រូវបានអនុម័តយល់ព្រម សម្រាប់ប្រទេសកូរ៉េខាងជើង ហើយសម្ភារៈផ្គត់ផ្គង់នេះ មិនមែនបានមកពីរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺមកពីអង្គការក្រៅរដ្ឋាភិបាល នៅក្នុងស្រុក។
ក្រសួងបង្រួបបង្រួមកូរ៉េ របស់ទីក្រុងសេអ៊ូល តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា អង្គការសង្គមស៊ីវិល បានបំពេញទៅតាមការតម្រូវនានា សម្រាប់ជំនួយកូរ៉េខាងជើង និងត្រូវបានអនុញ្ញាត ឲ្យបន្តធ្វើកាលពីថ្ងៃអង្គារ ហើយក្រសួង ក៏បាននិយាយផងដែរថា គ្រឿងផ្គត់ផ្គង់ទាំងនោះ គឺបានមកពីមូលនិធិឯកជន៕ ប្រែសម្រួល៖ប៉ាង កុង