Covid-19

អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យកងកម្លាំង ចុះទប់ស្កាត់ការប្រមូលផ្តុំ ជួបជុំរាំកំសាន្ត តាមទីសាធារណៈ ដើម្បីបញ្ជៀស ការរីករាលដាលកូវីដ១៩ ក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជា ឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ត្រូវឈរជើងការពារ ក្នុងករណីចាំបាច់ ដើម្បីធ្វើការតាមដាន ទប់ស្កាត់ រាល់សកម្មភាពកំសាន្តបែបប្រពៃណី ពិធីជប់លៀងកំសាន្ត នៅតាមទីសាធារណៈ និងតាមសហគម៍ននានាជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបញ្ជៀសការរីករាលដាល ពីវីរុសកូវីដ១៩ ។

យោងតាមសេចក្ដីណែនាំ របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីវិធានការធានាស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ក្តាប់ឱ្យបានពីវត្តមាន និងស្ថានភាពពលករចំណាកស្រុក ដែលវិលត្រឡប់ពីក្រៅប្រទេស ដើម្បីបន្តអប់រំ និងបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល។

សេចក្ដីណែនាំបន្តថា ត្រូវចាត់តាំងឲ្យមានកម្លាំងត្បាត ត្រួតពិនិត្យ ឬដាក់កម្លាំងឈរជើង ក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្ដុំ ជួបជុំរៀបចំកម្មវិធីកំសាន្តបែបប្រពៃណី ពិធីជប់លៀងរាំកំសាន្ត នៅតាមទីសាធារណៈ និងតាមដានសហគមន៍ (លើកលែងតែការជួបជុំ ជាលក្ខណៈគ្រួសារ ក្នុងរូបភាពតូចៗតាមគេហដ្ឋាន) ព្រមទាំងជួបជុំតាមបែបសាសនា នៅតាមទីវត្តអារាម ព្រះវិហារ និងគោលដៅប្រារព្ធពិធី បែបសាសនាផ្សេងៗ”។

សេចក្ដីណែនាំសង្កត់ធ្ងន់ថា ត្រូវបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរនិងស្ថាប័ន មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយ នូវរាល់សំណូមពរ របស់គណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ពិសេសដាក់កម្លាំងការពារ តាមគោលដៅអាទិភាព ដូចជា៖ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យ និងគោលដៅដាក់ឱ្យនៅដាច់ដោយឡែក ដែលត្រូវបានកំណត់ ដោយគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ គ្រប់ថ្នាក់។

តាមសេចក្ដីណែនាំបន្ថែមថា ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយ សម្ភារៈ សំដៅរួមចំណែកក្នុងការអនុវត្ត តាមការណែនាំ របស់រាជរដ្ឋាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជានេះផងដែរ៕ ដោយ៖ធី លីថូ

To Top