តូក្យូ៖ គណបក្សប្រឆាំង និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នៅថ្ងៃច័ន្ទបានរិះគន់ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ចំពោះផែនការ ដែលបានគ្រោងនឹងប្រកាសអាសន្ន ក្នុងការឆ្លើយតបទៅនឹងការរីករាលដាល នៃវីរុសថ្មីនៅប្រទេសជប៉ុន ដោយព្រមគ្នាលើកឡើងថា ការឆ្លើយតបរបស់លោក គឺយឺតពេកហើយ។
លោក Yukio Edano មេដឹកនាំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់ជប៉ុន បានលើកឡើងថា សេចក្តីប្រកាសដែលលោក អាបេ គ្រោងនឹងចេញនៅថ្ងៃអង្គារនេះ គឺ“ ហួសពេលហើយ” ។
លោក Edano បានឲ្យដឹង នៅក្នុងកិច្ចប្រជុំគណបក្សមួយថា ក្រុមប្រឆាំងដ៏សំខាន់ បានអំពាវនាវឱ្យរដ្ឋាភិបាល ចេញសេចក្តីប្រកាសនេះ ចាប់តាំងពីខែកុម្ភៈ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Yuichiro Tamaki មេដឹកនាំ គណបក្សប្រជាធិបតេយ្យ ដើម្បីប្រជាជន បានលើកឡើងថា លោកគិតថា ការប្រកាសនេះ ជាជំហានដ៏ល្អមួយ ដើម្បីទប់ស្កាត់ការផ្ទុះវីរុស បណ្តាលមកពីជំងឺរលាកសួត ប៉ុន្តែការកំណត់ពេលវេលា គឺយឺតពេលហើយ៕ ដោយ៖ ឈូក បូរ៉ា