LISBON៖ ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa កាលពីថ្ងៃច័ន្ទ បានអំពាវនាវឱ្យមានឯកភាពជាតិ ដើម្បីជៀសផុត ពីវិបត្តិសុខភាពសាធារណៈ ដែលកំពុងកើតឡើង បណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលលោកបានពណ៌នាថា ជាបញ្ហាប្រឈមធំបំផុតក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Marcelo Rebelo de Sousa ដែលចូលរួម ក្នុងកម្មវិធីជជែកវែកញែក នៅលើកញ្ចក់ទូរទស្សន៍ RTP តាមរយៈកិច្ចប្រជុំតាមរយៈវីដេអូ បាននិយាយថា វិបត្តិដែលបណ្តាលមកពី ការរាតត្បាតនៃវីរុសថ្មីនេះ គឺជាបញ្ហាប្រឈមធំបំផុត នៅក្នុងវិស័យជីវិត និងសុខភាពក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ។
លោកប្រធានាធិបតី បានមានប្រសាសន៍ថា «យើងមានបញ្ហាប្រឈមខាងសង្គម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិបត្តិជាច្រើន ប៉ុន្តែនេះគឺជាបញ្ហាប្រឈមធំបំផុត នៅក្នុងវិស័យជីវិតនិងសុខភាព ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះទាំងទំហំនិងរយៈពេល»។ លោកថា ការរួបរួមជាតិ គឺចាំបាច់ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា «វាគឺជាការរួមបញ្ចូលគ្នា នៅក្នុងភាពចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាព ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ»។
ប្រធានាធិបតី ព័រទុយហ្កាល់ បានប្រកាសភាពអាសន្នដំបូង នៃប្រវត្តិសាស្ត្រព័រទុយហ្កាល់ នៅថ្ងៃទី ១៨ ខែមីនា និងបានបន្តនៅថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ១៧ ខែមេសា។ ទោះយ៉ាងណា លោកបានបង្ហាញថា ប្រទេសនេះប្រហែលជា ត្រូវការស្ថានភាពគ្រាអាសន្ន ចំនួនបួនដំណាក់កាល មុនពេលដែលការរីករាលដាលនៃជំងឺរាតត្បាត ស្ថិតនៅក្រោមការគ្រប់គ្រងនិង ស្តារភាពធម្មតា។
សូមជម្រាបថា បើតាមអគ្គនាយកដ្ឋានសុខភាព (DGS) បានប្រកាសនៅថ្ងៃច័ន្ទនេះថា ជំងឺកូវីដ១៩ ដែលបណ្តាលមកពីវីរុសឆ្លងកូរ៉ូណា បានសម្លាប់មនុស្ស ៣១១ នាក់និងឆ្លងជំងឺចំនួន ១១.៧៣០ នាក់នៅក្នុងប្រទេសព័រទុយហ្កាល់៕ ប្រែសម្រួលៈ ណៃ តុលា