វៀងចន្ទន៍៖ ប្រទេសឡាវ បានធ្វើតេស្តករណីសង្ស័យ ជំងឺកូវីដ១៩ចំនួន ១៤៤ ករណី ដោយមានពីរករណី ត្រូវបានធ្វើតេស្តវិជ្ជមាន ដែលធ្វើឱ្យចំនួនសរុប នៃអ្នកកើតជំងឺនេះ នៅក្នុងប្រទេសឡាវ មានដល់ ១៤ នាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ លោក Phouthone Meaungpak បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារថា ករណីថ្មីចំនួនពីររួមមាន បុរសម្នាក់អាយុ ៤០ ឆ្នាំរស់នៅក្នុងទីក្រុងវៀងចន្ទន៍ធ្វើការនៅក្នុងក្រុមហ៊ុនរុករករ៉ែ ដូចគ្នាជាមួយនឹងឆ្លងករណីទី ១១ ដែលបានប្រកាសកាលពីថ្ងៃអាទិត្យ។
ម្នាក់ទៀតជាស្ត្រីអាយុ ១៩ ឆ្នាំរស់នៅក្នុងទីក្រុងវៀងចន្ទន៍ ដែលបានវិលត្រឡប់មកពីអង់គ្លេសវិញ។ នាងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយករណីឆ្លងទី ១២ ដែលបានប្រកាសកាលពីថ្ងៃច័ន្ទ មុនពេលពួកគេ ចាកចេញពីចក្រភពអង់គ្លេស។
នាងមិនមានរោគសញ្ញាដូចជំងឺផ្តាសាយទេ ប៉ុន្តែនាងបានទៅមន្ទីរពេទ្យ Mittaphab (មិត្តភាព) សម្រាប់ការធ្វើតេស្តិ៍រកមេរោគកូវីដ -១៩ បន្ទាប់ពីមន្រ្តីសុខភាពឡាវ បានប្រកាសពីករណីឆ្លងជំងឺករណីទី ១២ ។
ករណីថ្មីទាំងពីរ ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលបានកំណត់ គឺមន្ទីរពេទ្យមិត្តភាព ឬ មន្ទីរពេទ្យ ១៥០ ។ មន្ត្រីសុខាភិបាលឡាវបាននិយាយថា ពួកគេទាំងពីរនាក់ មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ។
សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសឡាវបានធ្វើតេស្តករណីសង្ស័យ ចំនួន ៧៦៥ ករណីដោយមាន ១៤ ករណីត្រូវបានធ្វើតេស្តវិជ្ជមាន៕ ប្រែសម្រួលៈ ណៃ តុលា