Covid-19

កូរ៉ូណាវាយប្រហារខ្លាំង លើអ៊ីរ៉ង់កំពុងជំរុញឲ្យ IMF យល់ព្រមបញ្ចេញកម្ចី ឲ្យប្រទេសមួយនេះ

បរទេស៖ នៅថ្ងៃពុធ ទី៧ ខែមេសានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហានី បានធ្វើការអំពាវនាវត្រង់ៗ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF ក្នុងការពន្លឿនអនុម័ត សំណើប្រាក់កម្ចីបន្ទាន់ ចំនួន ៥ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសកូរ៉ូណា នៅក្នុងប្រទេសរបស់លោក។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃដដែលនេះ លោកហានី បានប្រកាសអំពាវនាវ ឲ្យអង្គការអន្តរជាតិទាំងអស់ គួរតែបំពេញតាមតួនាទីរបស់ខ្លួន ក្នុងស្ថានភាពបែបនេះ។ លោកបានបន្តថា ពួកយើងជាសមាជិក របស់IMF ប្រសិនបើ មានការរើសអើងណាមួយ រវាងអ៊ីរ៉ង់និងសមាជិកដទៃ ក្នុងការផ្តល់ប្រាក់កម្ចីនោះអ៊ីរ៉ង់និង ពិភពលោក គឺមិនអាចអត់ឱនឲ្យបានឡើយ។

រំលឹកដែរថា ប្រទេសអ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃទី ១២ ខែមីនាមកហើយថា ខ្លួនបានស្នើសុំប្រាក់កម្ចីប្រាក់ពី IMF ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងអ្វីដែលជាការផ្ទុះឡើងនៃ COVID-១៩ ដែលខ្លួនពេលនេះ ក៏កំពុងមានឈ្មោះជាប្រទេស ចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោកមួយដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top