ចាប់តាំងពីមានការផ្ទុះឡើង ជំងឺវីរុសCOVID-19មក ក្រោមការដឹកនាំដ៏រឹងមាំ របស់ឯកឧត្តម Xi Jinping អគ្គលេខាធិការបក្ស ដែលជាស្នូលនៃបក្សកុម្មុយនីស្តចិន ប្រទេសចិនបានចាត់វិធានការ យ៉ាងគ្រប់ជ្រុងជ្រោយបំផុត តឹងរឹងបំផុត យ៉ាងស៊ីជម្រៅបំផុត ប្រជាជនចិនជាង១៤០០លាននាក់ បានរួមសុខទុក្ខជាមួយគ្នា លើក្បូនតែមួយ សាមគ្គីជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺវីរុស ដោយភាពអង់អាច។
ក្រោមការខិតខំ របស់ប្រជាពលរដ្ឋចិន ស្ថានភាពនៃជំងឺវីរុស មានភាពល្អប្រសើរឡើង ឥតឈប់ឈរ ហើយស្ថានភាពសន្ទុះសណ្តាប់ធ្នាប់ នៃជីវភាពប្រជាពលរដ្ឋ និងការផលិតមានភាពរឹងមាំ និងពង្រីកខ្លួនជាបន្តបន្ទាប់។ នាពេលពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៨ មេសា ទីក្រុងអ៊ូហាន់ ប្រទេសចិនត្រូវបានដកបម្រាម ធ្វើដំណើរចាកចេញពីទីក្រុង នេះបានបង្ហាញពីកិច្ចការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19 នៅក្នុងប្រទេសចិន ទទួលបានភាពជោគជ័យជាទីគាប់ចិត្ត។ ទន្ទឹមនឹងការខិតខំ លើកិច្ចទប់ស្កាត់ដោយខ្លួនឯង ប្រទេសចិនក៏បានចូលរួមរៀបចំ សកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសយ៉ាងសកម្ម បានអនុវត្តកិច្ចទំនួលខុសត្រូវ លើឆាកអន្តរជាតិ។
ភាគីចិន បានផ្តល់ជំនួយជាទឹកប្រាក់ ចំនួន២០លានដុល្លារសហរដ្ឋអាមេរិក ជូនដល់អង្គការសុខភាពពិភពលោក បានរៀបចំកិច្ចប្រជុំវីឌីអូ ជាមួយអ្នកជំនាញ ដែលមកពីជាង១០០ប្រទេស និងអង្គការអន្តរជាតិ លើពិភពលោក បានផ្ដល់ជំនួយជាម៉ាស សម្លៀកបំពាក់ការពារ សារធាតុ Nucleic acid សម្រាប់តេស្តរកជំងឺវីរុស (Nucleic acid detection reagents) ម៉ាស៊ីនដកដង្ហើម ជូនដល់១២០ប្រទេស និងអង្គកាអន្តរជាតិចំនួន៤ ហើយក៏បានចាត់ អ្នកជំនាញវេជ្ជសាស្រ្តចិន ធ្វើដំណើរទៅកាន់ប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីតាលី ស៊ែប៊ី ប៉ាគីស្ថាន វ៉េណេស៊ុយអេឡា ឡាវ និងប្រទេសផ្សេងៗជាច្រើនទៀត។
ក្នុងនោះក្រុមអ្នកជំនាញ វេជ្ជសាស្រ្តចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជានាថ្ងៃទី២៣ ខែមីនា ពួកគាត់បានចូលរួមចែករំលែក ពីបទពិសោធន៍នៃការទប់ស្កាត់ នឹងជំងឺវីរុសCOVID-19ជូនដល់ភាគីកម្ពុជា ជួយកម្ពុជា ក្នុងការកែលម្អប្រព័ន្ធទប់ស្កាត់ ផ្តល់យោបល់ព្យាបាល ដល់អ្នកផ្ទុកជំងឺវីរុស ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជូនដល់ភាគីកម្ពុជា។ ការពួតដៃគ្នារវាងចិន និងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19 បានសបញ្ជាក់ឲ្យឃើញ ពីអត្ថន័យស្នូលនៃសហគមន៍ ជោគវាសនារួមរវាងប្រទេសទាំងពីរ ទាំងនេះនឹងត្រូវបានកត់ត្រា ក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។
ជំងឺវីរុសគ្មានព្រំដែនកំណត់ និងមិនបែងចែកពូជសាសន៍ឡើយ។ មានតែរួបរួមសាមគ្គីគ្នា ពួតដៃគ្នាប្រយុទ្ធប្រឆាំង សហគមន៍អន្តរជាតិ ទើបអាចយកឈ្នះនឹងជំងឺវីរុស និងការពារភពផែនដីយើង ដែលជាជម្រក នៃមនុស្សជាតិទាំងឡាយបាន។ ក្នុងអំឡុងពេលនៃការផ្ទុះឡើង នៃជំងឺវីរុសCOVID-19 ក៏មានមនុស្សមួយចំនួនតូច មានចេតនានិយាយបំភ្លើសថា វាជាវីរុសចិន ដោយនិយាយថា វាជាអាវុធគីមីជីវសាស្រ្ត ដែលមានចេតនាក្នុងការបង្កើត និងរីករាលដាលឆ្លង ដោយរដ្ឋាភិបាលចិន ហើយថាប្រទេសចិន ជាសត្រូវរបស់ពិភពលោក។ ពាក្យសម្ដីភូតភរកុហក ដែលបង្កប់ទៅដោយន័យលំអៀង និងរើសអើង ដោយមិនបានគោរព ចំពោះការវិនិច្ឆ័យយ៉ាងត្រឹមត្រូវ របស់អង្គការសុខភាពពិភពលោក ហើយក៏មិនបានទទួលស្គាល់ សកម្មភាពទាំងឡាយរបស់ប្រទេសចិន ក្នុងការរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស លើឆាកអន្តរជាតិឡើយ។
តាមពិតទៅ ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺវីរុសនេះមក ភាគីចិនបានជូនដំណឹង ស្តីពីជំងឺវីរុសយ៉ាងទាន់ពេលវេលា ដោយប្រកាន់ខ្ជាប់ ឥរិយាបថបើកចំហ តម្លាភាព និងទំនួលខុសត្រូវ មានការចែករំលែកបទពិសោធន៍ ក្នុងការទប់ស្កាត់ និងការព្យាបាលជូនដល់ អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ ដោយគ្មានការលាក់បាំង បន្តិចសោះឡើយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ស្រាវជ្រាវវិទ្យាសាស្រ្ត។ យើងបានរាយការណ៍ អំពីស្ថានភាពជំងឺវីរុសCOVID-19ជូនដល់អង្គការសុខភាពពិភពលោក ប្រទេសដែលជាប់ពាក់ព័ន្ធ និងអង្គការក្នុងតំបន់ ទៅតាមពេលកំណត់ បានចែករំលែកពីខ្លឹមសារ ស្តីអំពីលំដាប់សែននៃជំងឺវីរុសCOVID-19 ជាមួយនឹងសហគមន៍អន្តរជាតិ ជាបន្ទាប់ក៏បានអញ្ជើញអ្នកជំនាញ នៃអង្គការសុខភាពពិភពលោក និងស្ថាប័នផ្សេងទៀត មកពិនិត្យជាក់ស្តែង នៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។
ចំពោះជំងឺវីរុសដែលសកលលោក កំពុងតែប្រឈមមុខនេះ ការទំនួលខុសត្រូវរបស់ប្រទសចិន ត្រូវបានទទួលស្គាល់ លើឆាកអន្តរជាតិ។ អាស្រ័យហេតុនេះ ពាក្យពេចន៍ភូតភរកុហក ជាច្រើនដងច្រើនសារ វាមិនអាចក្លាយជាការពិតនោះទេ។ ការប្រែក្លាយពីអត់ទៅជាមាន ពីសប្រែទៅជាខ្មៅ ទាំងនេះពិតជាទទួលបានការប្រឆាំងជំទាស់ និងថ្កោលទោស ពីសំណាកសហគមន៍អន្តរជាតិ។
បច្ចុប្បន្ននេះពិភពលោក កំពុងស្ថិតក្នុងស្ថានភាព នៃជំងឺវីរុសCOVID-19ដ៏អាប់អួរនេះ ការរកឃើញករណីឆ្លង នៃជំងឺវីរុសនៅបណ្តាប្រទេសជាច្រើន នៅតែមានការកើនឡើងជាលំដាប់ ហើយស្ថានភាពជំងឺលើសកល ក៏នៅតែមិនទាន់ មានភាពសុទិដ្ឋិនិយមនៅឡើយដែរ។
ក្នុងខណៈដែលខិតខំទប់ស្កាត់ នឹងជំងឺវីរុសក្នុងប្រទេស ប្រទេសចិននៅតែបន្តផ្តល់ការជួយ និងគាំទ្រទៅតាមលទ្ធភាព ដែលអាចធ្វើបាន ជូនដល់សហគមន៍អន្តរជាតិ ក្នុងគោលបំណង រួមចំណែកជាកម្លាំងចិន ក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសលើសកលលោក។ ខ្ញុំជឿជាក់ថា ឲ្យតែយើងទាំងអស់គ្នា រួមសុខរួមទុក្ខលើក្បូនតែមួយ ជួយយកអាសាគ្នាទៅវិញទៅមក ប្រាកដជាអាចយកជម្នះបាន លើជំងឺវីរុសនេះជាមិនខាន យើងនឹងទទួលស្វាគមន៍ ភាពស្រស់ត្រកាលនៃការអភិវឌ្ឍ សម្រាប់មនុស្សជាតិ នាពេលខាងមុខនេះ ជាមិនខាន!
ដោយៈ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា