Covid-19

អង្គការសុខភាពពិភពលោក ព្រមានអំពីការឆ្លងរាលដាលរហ័ស ជំងឺកូវីដ-១៩ ដល់តំបន់ជនបទទ្វីបអាហ្រ្វិក ចំពេលមានប្រព័ន្ធសុខាភិបាលខ្សោយ

NAIROBI៖ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីការរីករាលដាល យ៉ាងឆាប់រហ័ស របស់ជំងឺរលាកសួតធ្ងន់ធ្ងរ ឬកូវីដ១៩ ទៅដល់តំបន់ជនបទនៃទ្វីបអាហ្រ្វិក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់ របស់អង្គការសុខភាពពិភពលោក ប្រចាំទ្វីបអាហ្វ្រិក បានមានប្រសាសន៍ថា ការរីករាលដាលនៃវីរុសពីទីក្រុងធំ ៗ ទៅកាន់តំបន់ជនបទក្នុងទ្វីបនេះ គួរតែត្រូវដោះស្រាយជាភាពបន្ទាន់ ដើម្បីទប់ស្កាត់វិបត្តិសុខភាពសាធារណៈ។

លោកស្រី Moeti បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ការដោះស្រាយករណី នៅតាមតំបន់ជនបទ ដែលជារឿយៗ ខ្វះខាតធនធាន នៃមជ្ឈមណ្ឌលទីក្រុង នឹងបង្កបញ្ហាប្រឈមយ៉ាងខ្លាំង សម្រាប់ប្រព័ន្ធសុខាភិបាល ដែលកំពុងមានភាពតានតឹង នៅក្នុងទ្វីបអាហ្វ្រិក” ។

លោកស្រីបានបន្ថែមទៀតថា “ មានកន្លែងខ្វះខាត ការព្យាបាលដ៏សំខាន់ សម្រាប់ករណីធ្ងន់ធ្ងរនៃជំងឺនេះ នៅទ្វីបអាហ្វ្រិក” ។

មជ្ឈមណ្ឌលប្រយុទ្ធ និងការការពារជំងឺអាហ្វ្រិក ក្នុងការធ្វើបច្ចុប្បន្នភាព ចុងក្រោយរបស់ខ្លួន បាននិយាយថា ទ្វីបនេះមានករណីឆ្លងច្រើនជាង ១០.០០០ ករណី ហើយចំនួនអ្នកស្លាប់ជាង ៥០០ នាក់បានកើតឡើងដោយសារជំងឺនេះ។

អង្គការសុខភាពពិភពលោកបាននិយាយថា “នៅពេលដែលករណីជំងឺកូវីដ១៩នេះ ឆ្លងចេញពីតំបន់ទីក្រុង មានតម្រូវការវិមជ្ឈការឆ្លើយតបនិងបង្កើនការសម្របសម្រួលជាមួយរដ្ឋបាលក្នុងតំបន់ ក៏ដូចជាពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ផ្នែកសុខភាពថ្នាក់ក្រោមជាតិ” ។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា“ រដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ខេត្ត និងតំបន់ចាំបាច់ ត្រូវតែមានសមត្ថភាព សម្របសម្រួល តាមដានទំនាក់ទំនងមានករណី និងព្យាបាលអ្នកជំងឺ នៅតាមមូលដ្ឋាន” ។

ទីភ្នាក់ងារសុខភាពពិភពលោក បាននិយាយថា បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក នៅតែមានទីតាំងល្អ ដើម្បីឈ្នះការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ ១៩ ប្រសិនបើពួកគេវិនិយោគ លើគ្រែថែទាំបន្ថែម និងឧបករណ៍ការពារផ្ទាល់ខ្លួន សម្រាប់បុគ្គលិកសុខាភិបាល និងជនស៊ីវិល។

ទីភ្នាក់ងារនេះ ក៏បានសរសើរប្រទេសហ្កាណា កេនយ៉ា និងនីហ្សេរីយ៉ា ដែលបានបង្កើតមន្ទីរពិសោធន៍ជាច្រើន ដើម្បីពង្រីកការធ្វើតេស្ត ដោយបន្ថែមថា ប្រទេសតង់ហ្សានីនិងអេត្យូពី ក៏បានចាត់វិធានការសកម្ម ដើម្បីជំរុញការធ្វើរោគវិនិច្ឆ័យ នៃជំងឺផ្លូវដង្ហើមនេះដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top