Covid-19

នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង១,៦លាននាក់ និងស្លាប់ជាង ១០ម៉ឺននាក់

បរទេស៖ មនុស្សជាង ១,៦ លាននាក់បានឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក ហើយចំនួនអ្នកស្លាប់បានកើនលើសពី ១០១.០០០ នាក់ ដោយជិត ៧០ ភាគរយនៃករណីស្លាប់ កើតឡើងនៅអឺរ៉ុបដែលរងគ្រោះខ្លាំង។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិក ដែលជាចំណុចកណ្តាល នៃជំងឺរាតត្បាតបាន កំណត់ចំនួនអ្នកស្លាប់ថ្មីជាង ១៧០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលចំនួននេះ ធ្លាក់ចុះបន្តិចពីចំនួនកំណត់ត្រាកាលពីថ្ងៃពុធ ដែលមានចំនួន ១,៩៧៣ នាក់ និងមានការឆ្លងជិត ៥០០.០០០ នាក់។

យ៉ាងណាក៏ដោយ ខណៈដែលបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនដែលរងការវាយប្រហារដោយជំងឺរាតត្បាត COVID-១៩ កំពុងចាប់ផ្តើមមើលឃើញ ការធ្លាក់ចុះនៃការឆ្លងជំងឺនេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានយ៉ាងតឹងរឹងកាលពីថ្ងៃសុក្រប្រឆាំងនឹងការដកការរឹតត្បិតឆាប់ៗនេះ ដោយនិយាយថា ការដកនេះ វាអាចនាំឱ្យមានការស្លាប់កើតឡើងវិញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top