ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការគាំទ្រឱ្យបាន ច្រើនតាមសមត្ថភាពរបស់ខ្លួន ដែលអនុញ្ញាតឱ្យប្រទេសម៉ិកស៊ិកប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងការជួយប្រទេសអាមេរិក ឡាទីនមួយនេះ ទិញការផ្គត់ផ្គង់សម្ភារៈ ចាំបាច់ប្រឆាំងនឹងការរីករាលដាលយ៉ាងធ្ងន់ធ្ងរ ពីប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ីបានធ្វើការកត់សម្គាល់បែបនេះ តាមទូរស័ព្ទជាមួយ សមភាគីម៉ិចស៊ីកូគឺលោក Andres Manuel Lopez Obrador ។
ដោយកត់សម្គាល់ថា ជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូរ៉ូណា នៅតែបន្តរីករាលដាល នៅប្រទេសម៉ិកស៊ិក និងបណ្តាប្រទេស ដទៃទៀតនៅ អាមេរិកឡាទីន និងតំបន់ការ៉ាបៀន លោកស៊ីបានបង្ហាញនូវការអាណិតអាសូរ និងការគាំទ្រយ៉ាងស្មោះ ត្រង់ដល់រដ្ឋាភិបាល និងប្រជាជនម៉ិកស៊ិក ។
លោកបាននិយាយថា លោកជឿជាក់ថាក្រោមការដឹកនាំរបស់លោក Lopez Obrador ប្រទេសម៉ិកស៊ិកនឹងជៀសផុតពីការរាតត្បាតនៅពេលឆាប់ៗនេះ។
ដោយមានការគាំទ្របន្ថែមទៀត លោកស៊ី ប្រធានាធិបតីចិន ក៏បានស្នើថាប្រទេសទាំងពីរបន្តផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារនិងការត្រួតពិនិត្យជំងឺនេះ ក៏ដូចជាការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលតាមរយៈមធ្យោបាយដូចជា សន្និសីទវីដេអូរបស់អ្នកជំនាញ។
លោកស៊ីបានសង្កត់ធ្ងន់ថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវចក្ខុវិស័យនៃការកសាងសហគមន៍ មួយដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិជានិច្ចកាលតែងតែ ធ្វើសកម្មភាពសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងការរីករាលដាល និងគាំទ្រយ៉ាងរឹងមាំដល់ អង្គការសុខភាពពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា