Covid-19

ក្នុងឱកាសចូលឆ្នាំថ្មី ! សម្ដេចតេជោ ជូនពរពលរដ្ឋខ្មែរ ជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺ កូវីដ-១៩

ភ្នំពេញ ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជូនពរប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងសុខភាពល្អ ព្រមទាំងចៀសផុត ពីជំងឺទាំងឡាយ រួមទាំង ជំងឺកូវីដ-១៩ ផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បាន ឲ្យដឹងថា «នៅក្នុងឱកាស នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា ២០២០ ខ្ញុំព្រះករុណា និងភរិយាសូមប្រគេនពរ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុត ពីជំងឺទាំងឡាយ រួមទាំងជំងឺ កូវីដ-១៩»។

បន្ថែមពីនេះ សម្ដេចតេជោ អរគុណសារជាថ្មី ចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំង កម្មករ-កម្មការិនី ទាំងអស់ ដែលបានយោគយល់ និងចូលរួមទប់ស្កាត់ ប្រយុទ្ឋប្រឆាំងកម្ចាត់ ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវឲ្យពលរដ្ឋ បន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសុខភាព អាយុជីវិតទាំងអស់គ្នា៕

ដោយ ៖ អេង ប៊ូឆេង

To Top