បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា ប្រទេសថៃបានរាយការណ៍ ពីការឆ្លងមេរោគវីរុសកូរ៉ូណាចំនួន ៣៤ នាក់ ថែមទៀត នៅថ្ងៃអង្គារ ដែលនាំឱ្យករណីឆ្លងសរុប នៅប្រទេសនេះមានចំនួន ២.៦១៣ ករណី។ មានអ្នកស្លាប់ម្នាក់ទៀត គឺអ្នកបើករថយន្ដក្រុង បាងកក ដែលធ្លាប់បានផឹកស៊ីជាមួយអ្នក ផ្ទុកវីរុសកូរ៉ូណា ឬកូវីដ១៩ ដែល ធ្វើឲ្យ ចំនួនអ្នកស្លាប់ដល់ទៅ ៤១ នាក់។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនករណីថ្មីដែលត្រូវបានបញ្ជាក់គឺខ្ពស់ជាងកាលពីថ្ងៃចន្ទ ដែលមានការឆ្លងត្រឹម ២៨នាក់ ហើយការកើនឡើងនេះ កើតឡើងបន្ទាប់ពីការធ្លាក់ចុះ ៦ ថ្ងៃជាប់ៗគ្នាចាប់តាំងពីករណី ១១១ ត្រូវបានកត់ត្រានៅថ្ងៃទី ៨ ខែមេសា។
ចំនួនខ្ពស់បំផុតនៃករណីដែលបានបញ្ជាក់មកទល់ពេលនេះគឺ ១៨៨ កត់ត្រា នៅថ្ងៃទី ២២ ខែមីនា៕ ប្រែសម្រួលៈ ណៃ តុលា