Covid-19

វៀតណាម ពិន័យជនបរទេស ១៨នាក់ ម្នាក់ៗ៣១៩ដុល្លារ ក្រោយពីបានប្រមូលផ្តុំគ្នាផឹកស៊ី ល្មើសបម្រាមគម្លាតសង្គម

បរទេស៖ អាជ្ញាធរខាញ់ហ័រ ប្រទេសវៀតណាម បានពិន័យជនបរទេសចំនួន ១៨ នាក់ ក្នុងម្នាក់ៗ ចំនួន ៧.៥ លានដុង (ស្មើនឹង ៣១៩ ដុល្លារអាមេរិក) នៅថ្ងៃពុធ ពីបទប្រមូលផ្តុំផឹកស្រាបៀរ ចំពេលយុទ្ធនាការ ឱ្យមានគម្លាតសង្គម នៅទូទាំងប្រទេស។

យោងតាមសារព័ត៌មាន VN Exrpress ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមជនបរទេសរស់នៅ ក្នុងទីប្រជុំជនឆ្នេរញ៉ាត្រាង ពួកគេបានជួបជុំគ្នា ផឹកស្រាបៀរនៅផ្ទះរបស់ពួកគេ នៅពេលយប់ ដោយរំលោភលើយុទ្ធនាការគម្លាតសង្គម ដែលមានរយៈពេល ១៥ ថ្ងៃ (១-១៥ ខែមេសា) ដែលបានចាប់ផ្តើម ដោយនាយករដ្ឋមន្រ្តី ង្វៀន ស៊ុនហ្វុក។

យុទ្ធនាការនេះបានជំរុញ ឱ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែចាំបាច់ និងហាមឃាត់ការជួបជុំ ជាសាធារណៈលើសពីពីរនាក់។

ក្នុងយុទ្ធនាការឃោសនា គម្លាតសង្គមរយៈពេល ១៥ ថ្ងៃ អាជ្ញាធរនៅខេត្ត ខាញ់ហាវ បានចេញសេចក្តីព្រមានចំនួន ១២០០ និង ពិន័យជាប្រាក់ ទៅលើមនុស្ស ២១ នាក់ សរុបទឹកប្រាក់ ១៤៣ លានដុង សម្រាប់ការប្រមូលផ្តុំគ្នា និងខកខានមិនបានពាក់ម៉ាសមុខ។

សូមជម្រាបថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅវៀតណាម បានកើនឡើងដល់ ២៦៨ នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកជំងឺកំពុងដេកពេទ្យមាន ៩៧នាក់ និងមានអ្នកជំងឺ ១៧១ នាក់ ជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top