Covid-19

ប្រជាជននៅអាហ្វ្រិក រាប់សែននាក់ ត្រូវគេប៉ាន់ស្មានថា នឹងស្លាប់ដោយវីរុសកូរ៉ូណា

បរទេស៖ គណៈកម្មាធិការសេដ្ឋកិច្ច អង្គការសហប្រជាជាតិ សម្រាប់តំបន់អាហ្វ្រិក បាននិយាយនៅថ្ងៃសុក្រនេះថា ការផ្ទុះឆ្លងនៃវីរុសកូវីដ១៩ ទំនឹងជានឹងសម្លាប់ប្រជាជន នៅអាហ្វ្រិកតិចបំផុត ៣០០.០០០នាក់ និងជំរុញឲ្យមាន២៩លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រធ្ងន់ធ្ងរ និងបានអំពាវនាវ ឲ្យមានបណ្ដាញសុវត្ថិភាព ១០០ពាន់លានដុល្លារ សម្រាប់ទ្វីបនេះ។

របាយការណ៍មួយ របស់គណៈកម្មាធិការសេដ្ឋកិច្ច អង្គការសហប្រជាជាតិ សម្រាប់តំបន់អាហ្វ្រិក ដែលហៅកាត់ថា UNECA នោះ បាននិយាយថា “ដើម្បីការពារ និងកសាងឆ្ពោះ ទៅរកវិបុលភាពរួមរបស់យើងនោះ ត្រូវការយ៉ាងតិចណាស់ ប្រាក់១០០ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ភ្លាមៗ ដល់ការឆ្លើយតប របស់បណ្ដាញសុខាភិបាលនិងសង្គម”។

គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសចំនួន៥៤នៅអាហ្វ្រិក បានរាយការណ៍ ករណីឆ្លងវីរុសកូរ៉ូណា តិចជាង២០.០០០ករណី គឺត្រឹមតែជាចំណែក នៃករណីជាង២លានករណី ដែលត្រូវបានគេរាយការណ៍ នៅលើពិភពលោក ប៉ុន្តែអង្គការសុខភាពពិភពលោក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អាហ្វ្រិកអាចនឹងឃើញមាន ករណីឆ្លងវីរុសកូវីដ១៩រាប់លានករណី នៅក្នុងពេល៣ខែទៅ៦ខែ៕ ប្រែសម្រួល៖ប៉ាង កុង

To Top