បរទេស៖ ប្រទេសមួយចំនួន នាពេលថ្មីៗនេះ បានប្រកាសថា ក្នុងពេលខាងមុខឆាប់ៗនេះ ខ្លួននឹងចាប់ផ្តើម ធ្វើការបន្ធូរបន្ថយការរឹងបន្តឹងមួយចំនួន ពាក់ព័ន្ធទៅនឹង សេចក្តីប្រកាសអាសន្នសុខភាព ដោយសារមេរោគកូរ៉ូណា ស្របពេលដែលប្រទេសផ្សេងទៀត កំពុងតែបង្កើនការប្រុងប្រយ័ត្នខ្លាំងឡើង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសនៅថ្ងៃចន្ទនេះថា លោកស្រីនឹងបន្ធូរបន្ថយ ការរឹតបន្តឹងស្តីពីមេរោគកូរ៉ូណា ក្នុងរយៈពេលមួយសប្ដាហ៍។
ចំណែកប្រទេសអាល្លឺម៉ង់ ប្រទេសន័រវេស និងសាធារណរដ្ឋឆេក ក៏បាននិយាយផងដែរថា ខ្លួននឹងចាប់ផ្តើមបន្ធូរបន្ថយការរឹងបន្តឹង ព្រោះតែមេរោគកូរ៉ូណា ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI៕ ប្រែសម្រួល៖ប៉ាង កុង