ភ្នំពេញ ៖ ក្រោយពីកម្ពុជា ព្យាបាលអ្នកជំងឺ កូវីដ-១៩ ជាសះស្បើយជាបន្ដបន្ទាប់នោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានថ្លែងថា «ជយោ! កម្ពុជា ក្នុងសមរភូមិ កូវីដ-១៩» ខណៈរហូតដល់ពេលនេះកម្ពុជា គ្មានអ្នកស្លាប់ដោយសារជំងឺនេះឡើយ ចំណែកបណ្ដាប្រទេសផ្សេងៗវិញ មានមនុស្សស្លាប់រាប់ពាន់នាក់។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងរ៉ែ និងថាម ពល» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានរៀបរាប់ថា ឥឡូវនេះកម្ពុជា ជាកន្លែងមនុស្សធម៌ សម្រាប់ព្យាបាលជំងឺ កូវីដ-១៩ ដោយមិនយកថវិកា ទោះបី អ្នកជំងឺនោះ ជនជាតិបរទេសក៏ដោយ។ លោកថា មានបណ្ដាប្រទេសនានា មើលឃើញកម្ពុជា ជាប្រទេសតូចតែចិត្តធំ និងចិត្តល្អ ហើយគ្មានការ រើសអើង អ្នកជំងឺ កូវីដ-១៩ ទេ។ លោករៀបរាប់ទៀតថា មានបណ្ដាប្រទេសមួយចំនួន សូម្បីតែពលរដ្ឋខ្លួនឯង បានឆ្លងជំងឺ កូវីដ-១៩ ដែលអត់មានធានារ៉ាប់រង ផ្នែកសុខាភិបាល គេមិនទទួលមើលឡើយ ទុកឲ្យស្លាប់។ លោកថា កម្ពុជា ខុសពីបណ្ដាប្រទេសទាំងនោះ ខណៈរាជរដ្ឋាភិបាលកម្ពុជា បង្កើតគោល ការណ៍ថា «ព្យាបាល មិនយកថវិកា ចំពោះអ្នកជំងឺកូវីដ-១៩»។
លោកបន្ដថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានជាសះស្បើយ ចំពោះអ្នកឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជា កើនឡើងរហូតដល់១១០នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាល ជំងឺកូវីដ ធ្លាក់ចុះមកត្រឹម ចំនួន១២នាក់ នៃអ្នកឆ្លងសរុប ១២២នាក់។ លោកថា ចំណែកបណ្ដាប្រទេសដទៃវិញ មានមនុស្សស្លាប់រាប់ពាន់នាក់ ដោយជំងឺ កូវីដ-១៩ ហើយកម្ពុជាវិញ គ្មានអ្នកស្លាប់ដោយសារជំងឺនេះឡើយ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា «ជ័យយោ ! កម្ពុជា ក្នុងសមរភូមិ កូវីដ-១៩។ក៏ប៉ុន្ដែមិន ត្រូវមាន មរណភាពខ្ពស់ទេ ហើយមិនត្រូវភ្លេច វិធានការ ការពារ និងអនាម័យ សម្រាប់ខ្លួនឯង»។
បន្ថែមពីនេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាល លើកឡើងទៀតថា ជារួមស្ថានភាពកម្ពុជា មានភាពល្អប្រសើរ នៅក្នុងការព្យាបាលជំងឺកូវីដ-១៩។ ក៏ប៉ុន្ដែ ក្នុងនៅសភាពបែបនេះ មានសភាព ផុយស្រួយ ក្នុងការឆ្លងរាលដាលជំងឺ កូវីដ-១៩ ព្រោះជំងឺនេះ ឆ្លងលឿន និងរហ័ស ហេតុដូចនេះ អ្នកនាំពាក្យ អំពាវនាវទៅដល់ពលរដ្ឋខ្មែរថា ត្រូវចូលរួមអនុវត្ត វិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល៕ ដោយ ៖ អេង ប៊ូឆេង