បរទេស៖ នៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលថៃ បានរាយការណ៍ថា មានអ្នកឆ្លងវីរុសថ្មីកូវីដ១៩ ចំនួន ១៣ នាក់ទៀត ដែលនាំឱ្យអ្នកឆ្លងសរុប កើនឡើងដល់ ២.៨៣៩ នាក់ និងស្លាប់ម្នាក់ទៀត សរុបចំនួនអ្នកស្លាប់កើនដល់ ៥០ នាក់។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការបូកសរុបករណីថ្មី គឺទាបជាងចំនួន ១៥ ករណីកាលពីថ្ងៃពុធ។ វាជាកម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី ១៤ ខែមីនា ហើយជាថ្ងៃទី ៥ នៃការធ្លាក់ចុះជាបន្តបន្ទាប់។ ទោះយ៉ាងណា ដោយសារតែការធ្វើតេស្តមានកំណត់ ចំនួនពិតប្រាកដ នៃការឆ្លងត្រូវបានគេជឿជាក់ថា ខ្ពស់ជាងនេះ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាព Covid-19 របស់រដ្ឋាភិបាលថៃ បាននិយាយថា ស្ត្រីដែលស្លាប់ អាយុ ៧៨ ឆ្នាំ ដំបូងបានទៅមន្ទីរពេទ្យ នៅទីក្រុងបាងកក ដោយមានជំងឺទឹកនោម នៅថ្ងៃទី ២១ ខែមីនា។
នៅថ្ងៃទី ២៤ ខែមីនា ស្រ្តីខាងលើបានកើតជំងឺគ្រុន និងរលាកសួត ហើយក្រោយមក បានធ្វើតេស្តវិជ្ជមានចំពោះ Covid-19 ៕ ប្រែសម្រួលៈ ណៃ តុលា