ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល និងថែទំាសង្គម បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកធ្វើតេស្ត ឃើញមានផលវិជ្ជមាន នៃជំងឺកូវីដ១៩ផ្សេងទៀតចំនួន៦១៦នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យជាច្រើន នៅចក្រភពអង់គ្លេស គិតត្រឹមថ្ងៃរសៀលថ្ងៃពុធ ដែលនាំឲ្យតួលេខសរុបនៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់១៨.៧៣៨នាក់ ។
នាយកដ្ឋានបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ អ្នកដែលបានធ្វើតេស្តឃើញ មានផ្ទុកជំងឺកូវីដ១៩ មានចំនួនសរុប ១៣៨.០៧៨នាក់ ហើយកំណើនប្រចាំថ្ងៃ នៃអ្នកឆ្លងជំងឺ មានចំនួន៤.៥៨៣នាក់ ។
នៅព្រឹកថ្ងៃនេះដែរ នាយកដ្ឋានបានឲ្យដឹងថា មនុស្សប្រមាណ២០.០០០នាក់ នៅអង់គ្លេស ត្រូវបានធ្វើការតាមដាន ដោយផ្អែកតាមគោលការណ៍ របស់រដ្ឋាភិបាល ដើម្បីឲ្យដឹងច្បាស់អំពីករណី នៃវីរុសកូរ៉ូណា ដែលកើតមាននៅក្នុងខ្លួន របស់ប្រជាពលរដ្ឋទូទៅ ។
សរុបរួម ពលរដ្ឋចំនួន២៥.០០០នាក់ នឹងត្រូវទទួលការធ្វើការតាមដាន ហើយតាមគម្រោងការ នឹងបន្ថែមដល់ ៣០០.០០០នាក់ ក្នុងរយៈពេល១២ខែខាងមុខទៀត ។ ក្រុមយុវជននប្រមាណ១.០០០នាក់ ក៏នឹងត្រូវផ្តល់វត្ថុវិភាគ ដែលជាឈាមជារៀងរាល់ខែ សម្រាប់រយៈពេល១២ខែខាងមុខ ។
ទន្ទឹមនឹងនេះដែរ ក្រុមការងារមួយ នៅសាកលវិទ្យាល័យ Oxford កំពុងចាប់ផ្តើមធ្វើការវិនិច្ឆ័យ ទៅលើវ៉ាក់សាំងការពារវីរុសកូរ៉ូណា នៅលើមនុស្សកាលពីថ្ងៃព្រហស្បតិ៍ ។ ក្រុមការងារ បានចាប់ផ្តើមធ្វើការផលិតវ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា