Covid-19

អង្គការជាង១០០៖ បំណុល មីក្រូហិរញ្ញវត្ថុគួរព្យួរ និងប្រគល់ប័ណ្ណដីធ្លី ឲ្យម្ចាស់ទ្រព្យវិញ ខណៈរីករាលដាល ជំងឺ កូវីដ

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ចំនួន១៣៤ បានរួមគ្នា ចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញថា បំណុល មីក្រូហិរញ្ញវត្ថុ គួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនម្ចាស់ទ្រព្យវិញ ក្នុងអំឡុងពេល កម្ពុជាកំពុងរីករាលដាល នៃជំងឺកូវីដ១៩។

សេចក្តីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០បានឲ្យដឹងថា ការរងគ្រោះ របស់ ប្រជាពលរដ្ឋ កម្ពុជា រាប់លាន នាក់ ដែល កំពុង ប្រឈមមុខ នឹងវិបត្តិ សេដ្ឋកិច្ច ពីការ រីករាលដាល នៃជំងឺកូវីដ១៩ គឺកំពុង ត្រូវបាន រងគ្រោះ បន្ថែមទៀត ដោយសារ ការបន្ដ កើតមាន នូវវិបត្តិ ជំពាក់បំណុល ច្រើនលើសលុប នៅក្នុងប្រទេស ដែលកើតចេញ ពីកម្ចីឥណទាន ជាង១០ពាន់លាន ដុល្លាររបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មួយចំនួន ។

លិខិតបន្តថា បច្ចុប្បនេះពលរដ្ឋច្រើនជាង ២លាន៥សែននាក់ មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយអត្រាកម្ចី ជាមធ្យម ៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ។

ប្រភពឲ្យ៊ដឹងទៀតថា ការណ៍នេះ ធ្វើឲ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាព កម្មសិទ្ធិ ដីធ្លីពលរដ្ឋ កម្ពុជា រាប់លាននាក់ ប្រឈមនឹងហានិភ័យ ។

ទោះបីកន្លងមក រាជរដ្ឋាភិបាល មានវិធានការ មួយចំនួន រួចមកហើយ ក៏ដោយ ប៉ុន្តែក្រុមអង្គការទាំងនោះ បន្ថែមថា “យើងខ្ញុំ សូមសំណូមពរ បន្ថែមដល់រាជរដ្ឋាភិបាល ក្នុងការពិចារណា ដើម្បីធានាថា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឆាប់ផ្អាកការសងប្រាក់កម្ចី និងការប្រាក់ទាំងអស់ យ៉ាងតិចណាស់ចំនួន៣ខែ និងប្រគល់ ជូនម្ចាស់ទ្រព្យវិញ នូវប័ណ្ណកម្មសិទ្ធិដីធ្លីរាប់លានប្លង់ ពាក់ព័ន្ធនឹងកម្ចីខ្នាតតូច ដែលបច្ចុប្បន្នត្រូវបានដាក់ជា ទ្រព្យធានា (បញ្ចាំ ) ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” ។

អង្គការ១៣៤ លើកឡើងថា វិធានការទាំងនេះ គឺមានភាពចាំបាច់ ដើម្បី ធានាពលរដ្ឋ អាចបន្តរស់នៅ ក្នុងពេល មានវិបត្តិនេះ ដោយគ្មាន ហានិភ័យ ចំពោះសុខភាព ឬលំនៅដ្ឋាន របស់ពួកគេ និង អាចបញ្ជៀស ពីកម្ចីឥណទាន មានហានិភ័យ ដែលអាច នាំឲ្យកើតមាន ករណី ធ្វើការងារ ដោះបំណុល ការជួញដូរមនុស្ស និងការ រំលោភ សិទ្ធិមនុស្ស ដទៃទៀត ។

បើតាមការប្រកាសរបស់លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី”បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅព្រឹកថ្ងៃទី២៧ នេះ អ្នកកំពុងព្យាបាលជំងឺកូវិដ១៩ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយ កើនដល់១១៩នាក់ ៕

To Top