Covid-19

ការនាំចេញ របស់កូរ៉េខាងត្បូងក្នុងខែមេសា ធ្លាក់ចុះ ២៥ភាគរយ ដោយសារឥទ្ធិពល នៃជំងឺកូវីដ-១៩

សេអ៊ូល៖ ការស្ទង់មតិមួយបានបង្ហាញ នៅថ្ងៃច័ន្ទនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ២៥ ភាគរយនៅក្នុងខែមេសា ធៀបនឹងឆ្នាំមុន ខណៈដែលជំងឺរាតត្បាតថ្មី បានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាពពាណិជ្ជកម្ម និងសាជីវកម្មសកល។

យោងតាមការស្ទង់មតិ របស់យ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថាការនាំចេញ ទៅក្រៅប្រទេស ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៣៦,៤ ពាន់លានដុល្លារក្នុងខែនេះ ដែលការស្ទង់មតិនេះ ត្រូវបានអនុវត្តទៅលើឈ្មួញជើងសា ក្នុងស្រុកចំនួន ៩ ។

ការស្ទង់មតិបានបង្ហាញថា ការធ្លាក់ចុះយ៉ាងខ្លាំង ក៏បណ្តាលមកពីការធ្លាក់ចុះ នៃតម្លៃប្រេងសកល ដោយការនាំចេញរបស់កូរ៉េ នៅខែមេសាធ្លាក់ចុះ ២៥ ភាគរយ។

ការប៉ាន់ប្រមាណនេះ ស្របគ្នានឹងការប៉ាន់ស្មានមុន ដោយការិយាល័យគយកូរ៉េ ដែលបានលើកឡើងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៧ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមេសា៕ ដោយ៖ ឈូក បូរ៉ា

To Top