Covid-19

ប្រទេសចិន ជំរុញសហរដ្ឋអាមេរិក ឱ្យឆ្លើយតបទៅនឹងការព្រួយបារម្ភ របស់ប្រជាជនរបស់ខ្លួន និងពិភពលោក អំពីការរីករាលដាល នៃជំងឺរាតត្បាត

ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ឆ្លើយតបនឹងការព្រួយបារម្ភ របស់ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើ ឱ្យធ្វើអត្ថាធិប្បាយអំពីការពិតដែលថា ប្រជាជននៅសហរដ្ឋអាមេរិក កាន់តែច្រើនមានការសង្ស័យ លើការឆ្លើយតប របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះជំងឺរាតត្បាតនេះ។

លោក Geng បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា “មនុស្សជាច្រើននៅសហរដ្ឋអាមេរិក បាននិងកំពុងសាកសួរ និងព្រួយបារម្ភថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឆ្លើយតបទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ចំពោះការផ្ទុះឡើងនេះឬអត់” ។

លោកបន្តថា ពួកគេចង់បញ្ជាក់ការពិត តើករណីដំបូងបានកើតឡើង នៅសហរដ្ឋអាមេរិក នៅពេលណា? តើរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងលាក់បាំងអ្វីមួយ? ហេតុអ្វីចាំបាច់ស្វែងរកការស្តីបន្ទោស ទៅលើប្រទេសនិងអង្គការអន្តរជាតិ?

នៅថ្ងៃទី ៤ ខែមេសា កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយអត្ថបទមួយ​ ដែលផ្តល់នូវទស្សនៈ បែបមើលឃើញទូលំទូលាយ អំពីរបៀបនិងមូលហេតុ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោះស្រាយការរីករាលដាលមិនសូវល្អ នៅដំណាក់កាលដំបូង។ នៅថ្ងៃទី ១៣ និង ១៩ ខែមេសា ក្នុងសន្និសីទសារព័ត៌មាន របស់សេតវិមានអ្នកសារព័ត៌មាន CBS និង CNN បានសាកសួរអំពីការពន្យាពេល នៃការឆ្លើយតបរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ចំពោះមេរោគកូវីដ១៩ នៅពេលដែលខ្លួនបានដឹងរួចហើយ នូវហានិភ័យ ដែលអាចកើតមាន នៃការរីករាលដាលពិភពលោក។

នៅថ្ងៃទី ១៤ ខែមេសា Atlantic បាននិយាយនៅក្នុងអត្ថបទមួយថា មូលហេតុចម្បង នៃការផ្ទុះករណីដ៏ធំ នៅសហរដ្ឋអាមេរិក គឺកង្វះវិធានការរបស់រដ្ឋាភិបាលដែលបង្ខំ។ នៅថ្ងៃទី ២១ ខែមេសាកាសែត Los Angeles Times បានរាយការណ៍ថា យោងទៅតាមលទ្ធផល នៃការធ្វើកោសល្យវិច័យ ដែលចេញផ្សាយ ដោយមន្រ្តីសុខភាព Santa Clara County ករណីមរណភាពដំបូងពីវីរុសវីរុសនេះ គឺពិតជាកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈ ពោលគឺជិតមួយខែជាង ការស្លាប់ដែលគេស្គាល់ដំបូង ដែលប្រកាសដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក។ មន្ត្រីនៅ Santa Clara ក៏បាននិយាយផងដែរថា ប្រជាជននៅរដ្ឋកាលីហ្វ័រញ៉ា ប្រហែលជាត្រូវបានឆ្លង នៅដើមខែធ្នូ។

លោក Geng បាននិយាយថា “យើងសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចឆ្លើយតបបានទាន់ពេលវេលា ចំពោះកង្វល់របស់ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិ។ អង្គការសុខភាពពិភពលោក ក៏អាចត្រូវបានអញ្ជើញ ឱ្យជួយពិនិត្យដំណើរការនេះផងដែរ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top