ប៉េកាំង៖ លោក Yuan Zhiming ជាប្រធាននៃមន្ទីរពិសោធន៍ របស់ទីក្រុងវូហាននៅថ្ងៃពុធនេះ បានចេញមកធ្វើការអះអាងថា រាល់ការចោទប្រកាន់ ដែលលើកឡើងថា វីរុសកូរ៉ូណា មានប្រភពចេញ ពីមន្ទីរពិសោធន៍ជីវឧស្ម័នជាតិ របស់ប្រទេសចិន នៅឯវិទ្យាស្ថានវូហាន ឬ WIV គឺជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ និងមិនមានភស្តុតាងគ្រប់គ្រាន់ ។
ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែមេសានេះ បានសរសេរថា ជាការឆ្លើយតប លោកYuan បានបកស្រាយយ៉ាងច្បាស់ៗថា ជាក់ស្តែងWIV មិនមានផែនការ ឬបំណង សូម្បីតែសមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្កើតវិរុសថ្មីឡើយ ហើយយើងសង្កេតឃើញថា មិនមានព័ត៌មាននិងភស្តុតាង គ្រប់គ្រាន់ឡើយ ដែលថាវិរុសSARS-Cov-2 គឺត្រូវបានបង្កើតឡើង ដោយមនុស្សដូចទៅនឹង ការចោទប្រកាន់ទាំងនោះដែរ។
ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រភាគច្រើន និយាយថា SARS-CoV-2 មានដើមកំណើតពីសត្វព្រៃ ដូចជាសត្វប្រចៀវ និងសត្វពង្រូលទៅវិញនោះទេ ដែលមតិជារួមបានអះអាងបែប វិទ្យាសាស្ត្រថា មេរោគឆ្លងទាំងនេះ គឺជាក់ស្តែងចម្លងតាមធម្មជាតិប៉ុណ្ណោះ។
ប្រធានមន្ទីរពិសោធន៍រូបនេះ ក៏បានច្រានចោលផងដែរ អំពីការលើកឡើងថា មន្ទីរពិសោធន៍ បានធ្វើឲ្យបែកធ្លាយវីរុសកូរ៉ូណា ដោយចៃដន្យ ដែលខ្លួនប្រមូលបានពីសត្វប្រចៀវ ដែលកន្លងមកខ្លួនបានប្រើប្រាស់វា ក្នុងគោលបំណងស្រាវជ្រាវនោះ៕
ប្រែសម្រួល៖ស៊ុនលី