Covid-19

កូវីដ១៩៖ ក្រសួងធម្មការ អះអាងថា ព្រះសង្ឃមានវិន័យល្អ ក្នុងការប្រតិបត្តិតាម វិធានណែនាំ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោកសេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធម្មការ បានអះអាងថា រហូតមកដល់ពេលនេះ ព្រះសង្ឃមានការគោរពវិន័យ បានយ៉ាងល្អ ក្នុងការប្រតិបត្តិតាម វិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញ កាលពីពេលថ្មីៗនេះ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកសេង សុមុនី បានថ្លែងថា “នៅពេលនេះជាដំណាក់កាលមួយ ដែលខាងសាលាបាលី ដល់ពេលត្រូវចូលកងវិញ ( បើកវគ្គសិក្សាឡើងវិញ) ប៉ុន្តែខាងលាលាបាលី នៅតែរង់ចាំទទួល នូវការប្រតិបត្តិ តាមវិធាការណែនាំ របស់រាជរដ្ឋាភិបាល ដែលចំណុចមួយហើយ ដែលក្រសួងធម្មការគិតថា មានប្រសិទ្ធភាព ទាំងផ្លូវច្បាប់ និងទាំងវិស័យសាសនាផងដែរ”។

លោកបន្តថា “ទាក់ទងបញ្ហារឿងដំណោះស្រាយ គឺព្រះសង្ឃលោកថ្វីត្បិតតែនៅជុំគ្នា ឆាន់ជុំគ្នារួមគ្នា ក្នុងសហគមន៍ច្រើន ប៉ុន្តែលោកមានវិន័យមានរបស់ព្រះសង្ឃ គឺការប្រតិបត្តិទាំងអនាម័យ លាងដៃ សំអម្អិតសម្អាត សម្ភារប្រើប្រាស់ទាំងអស់ហ្នឹងគឺថា ត្រូវឲ្យស្អាតទាំងអស់។ អីចឹងទេ មានចំណុចទាំងអស់នេះ គឺជាចំណុចមួយជាដំណោះស្រាយ”។

ទាក់ទងជាមួយ ពិធីបុណ្យសាសនានានាវិញ អ្នកនាំពាក្យបញ្ជាក់ថា នៅតែប្រារព្ធជាធម្មតា តែត្រូវបន្តអនុវត្តតាមវិធានការណែនាំ របស់រាជរដ្ឋាភិបាល ដោយប្រារព្ធធ្វើតាមលក្ខណៈ ទ្រង់ទ្រាយតូចមិនមានការជួបជុំធំ។

លោកបន្ថែមថា “ចំពោះបញ្ហារឿង ពិធីបុណ្យសាសនានានា ទាក់ទងនឹងកន្លងមកគឺថា យើងបុណ្យចូលឆ្នាំបានទទួលបញ្ញត្តិថា ឲ្យយើងនៅគរពពិធីទទួលទេវតាធម្មតា ប៉ុន្តែមិនមានការជួបជុំជាសង្រ្កាន្ត ឬក៏ប្រារព្ធពិធី ល្បែងរបាំ បោះអង្គុន ចោលឈូង ទាញព្រ័ត្រ ឬក៏ការជួបជុំគ្នាបែបលក្ខណៈធំៗ គឺថាមិនមានទេ។ អីចឹងគឺថាដំណាក់កាលនេះ គឺថាយើងនឹងបន្តអនុវត្តគ្រប់វត្តទាំងអស់”។ ទាក់ទងជាមួយព្រះសង្ឃ និមន្តបិណ្ឌបាតតាមផ្ទះវិញ លោកបញ្ជាក់ថា មិនមានការហាមឃាត់ឡើយ។

លោកបន្ថែមថា “ទាក់ទងករណីព្រះសង្ឃនិមន្តបិណ្ឌបាត ព្រះសង្ឃនិមន្តបិណ្ឌបាតក្នុង តាមបណ្ដាលភូមិ តាមបណ្ដាលផ្ទះ ប្រជាពលរដ្ឋ គឺថាមិនមានការហាមឃាត់ទេ គឺនៅតែមានការប្រតិបត្តិ ប៉ុន្តែលើសគណៈតិច ព្រះសង្ឃបិណ្ឌមួយអង្គឬក៏ពីរអង្គ ហើយមានចម្ងាយគ្នាពុទ្ធបរិស័ត ទៅដាក់ហ្នឹង ទាល់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាពហ្នឹង គឺថាមានលក្ខខណ្ឌហ្នឹង ឲ្យបានច្បាស់លាស់ដូចគ្នា”។

លើសពីនេះទៀត ទាក់ទងជាមួយព្រះសង្ឃនេះផងដែរ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានព្រះសង្ឃអង្គណាមួយ កើតនូវជំងឺកូវីដឡើយ។

លោករដ្ឋលេខាធិការបន្ថែមថា “ទប់ស្កាត់ការរីករាលដាលពីកូវីដ១៩នេះ សម្រាប់ព្រះសង្ឃ មកដល់ពេលនេះ យើងមិនទាន់មានផលប៉ះពាល់ ហៅថាឆ្លងដល់ព្រះអង្គណាមួយទេ។ អីចឹងជាទិន្នន័យជាក់ស្ដែង យើងនៅតែមាន ការប្រតិបត្តិទោះជាមិនមានការឆ្លង ទៅព្រះសង្ឃអង្គណាក៏ដោយនៅតែ មានការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ទៅលើវិធានការណែនាំ របស់ក្រសួងសុខាភិបាល ទៅលើការណែនាំ របស់រាជរដ្ឋាភិបាលនៅតែបន្ត”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ចំនួន១២២ ខណៈព្យាបាលជាសះស្បើយ កើនដល់១១៩នាក់ សម្រាប់អ្នកកំពុងសម្រាកព្យាបាលវិញ នៅសល់តែ៣នាក់ទៀត តែប៉ុណ្ណោះ៕ដោយ៖ធី លីថូ

To Top