បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា បានឲ្យដឹងថា ប្រទេសយេម៉ែនទីបំផុត បានធ្វើការប្រកាស អំពីករណីបាត់បង់ជីវិតមនុស្ស២នាក់ ជាលើកដំបូង ហើយចាប់តាំងតែពីករណីឆ្លង មានវត្តមាននៅក្នុងប្រទេស ដែលហួងហែង ទៅដោយសង្គ្រាមមួយនេះ។
ជនរងគ្រោះទាំងពីរ ត្រូវបានគេស្គាល់ថា ជាបងប្អូនបង្កើតដែលបានស្លាប់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងផែសមុទ្រAden ហើយវាកំពុងបានក្លាយទៅជាកត្តា គួរឲ្យបារម្ភបំផុតពីក្រុមអ្នកជំនាញ ដោយសារតែពលរដ្ឋទាំង២០លាននាក់ នៅទូទាំងប្រទេស គឺមិនអាចទទួលបានសេវាសុខាភិបាល គ្រប់គ្រាន់ឡើយ ជាពិសេសតួលេខពលរដ្ឋ ជាងពាក់កណ្តាល កំពុងស្ថិតនៅក្នុងកម្រិត នៃការអត់ឃ្លានផង ដោយសារសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
តាមតួលេខរបស់យូអិន សង្គ្រាមស៊ីវិល៥ឆ្នាំកន្លងមកនេះ យេម៉ែនបានបាត់បង់ជីវិត របស់ពលរដ្ឋខ្លួន ដល់ទៅជាង១០ម៉ឺននាក់មកហើយ ហើយកំពុងជាប់ឈ្មោះជាប្រទេស ដែលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុត លើពិភពលោកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី