តូក្យូ៖ ប្រភពពីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនកំពុងពិចារណា ពង្រីករដ្ឋក្នុងគ្រាអាសន្នទូទាំងប្រទេស រហូតដល់ចុងខែឧសភា ក្នុងគោលបំណងទប់ស្កាត់ ការរីករាលដាលនៃវីរុសថ្មីកូវីដ១៩។
យោងតាមសារព័ត៌មាន Kyodo ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូអាបេ បានប្រាប់លោក Toshihiro Nikai ដែលជាអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យសេរី ពីបំណងរបស់លោក ក្នុងការបន្ត ដាក់ប្រទេសក្នុងភាពអាសន្ន នាពេលបច្ចុប្បន្ននេះ ដោយមានប្រសិទ្ធិភាព រហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ។
លោកអាបេបានប្រាប់ ក្រុមអ្នកយកព័ត៌មាន នៅការិយាល័យរបស់លោកថា “ ការវិលត្រឡប់ មករកភាពប្រក្រតីវិញ ចាប់ពីថ្ងៃទី ៧ ខែឧសភាគឺពិបាក ហើយយើងចាំបាច់ត្រូវត្រៀម សម្រាប់ការប្រយុទ្ធគ្នា ដែលអូសបន្លាយមួយ” ។
លោកបាននិយាយ បន្ទាប់ពីសភាបានអនុម័តថវិកាបន្ថែម សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដើម្បីគាំទ្រដល់គ្រួសារ និងអាជីវកម្មដែលកំពុងជួបការលំបាក។
ប្រភពបាននិយាយថា លោកអាបេត្រូវបានគេរំពឹងថា នឹងស្វែងរកយោបល់នៅថ្ងៃសុក្រ ពីក្រុមអ្នកជំនាញ ដែលមានភារកិច្ចវាយតម្លៃ ការរីករាលដាលនៃការឆ្លងវីរុសនេះ នៅទូទាំងប្រទេស មុនពេលគាត់ធ្វើការវិនិច្ឆ័យ លើការពន្យារពេល ដាក់ប្រទេស ក្នុងគ្រាមានអាសន្ននេះ៕ ប្រែសម្រួលៈ ណៃ តុលា