Covid-19

បារាំងផ្តល់ជំនួយ ២លានអឺរ៉ូ ដើម្បីពង្រឹងសមត្ថភាព មន្ទីរពិសោធន៍ នៅអាស៊ីអាគ្នេយ៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ-១៩

ភ្នំពេញ ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានផ្តល់ជំនួយបន្ថែម ចំនួន២លានអឺរ៉ូ ដល់គម្រោង ECOMORE II ដើម្បីពង្រឹងសមត្ថភាព របស់មន្ទីរពិសោធន៍ នានានៅអាស៊ីអាគ្នេយ៍ អនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រ គម្រោងនេះមានគោលដៅ ពង្រឹងយន្តការតាមដាន ធ្វើរោគវិនិច្ឆ័យ និងឆ្លើយតបចំពោះជំងឺ របស់បណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ AFD នៅថ្ងៃទី១ ឧសភា បាន ឲ្យដឹង ថា ប្រទេសកម្ពុជា និងប្រទេសដៃគូចំនួន៤ផ្សេងទៀត នៅក្នុងតំបន់នឹងទទួលបាន ហិរញ្ញប្បទានថ្មីនេះ ដែលជាជំនួយផ្ទាល់ សម្រាប់ការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ-១៩។

AFD បន្ដថា ដោយសារគម្លាតខ្លាំង នៅក្នុងប្រព័ន្ធសុខាភិបាល ទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ អាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងហានិភ័យខ្ពស់ នៃជំងឺកូរ៉ូណា ឬកូវីដ១៩។ ក្នុងអំឡុងពេល២ខែដំបូង នៃការផ្ទុះឡើងនូវមេរោគនេះ មានការឆ្លងតែ៧៥៥ករណីប៉ុណ្ណោះ នៅក្នុងតំបន់ ប៉ុន្តែចាប់តាំងពី ពាក់កណ្តាលខែមីនាមក ការឆ្លងបានកើនឡើងខ្លាំង រហូតដល់៦ ០០០នាក់។ ជំងឺនេះនឹងក្លាយទៅជា បញ្ហាប្រឈមដ៏ធំមួយ សម្រាប់រយ:ពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខ។

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បាន ឲ្យដឹង ថាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានធ្វើសកម្មភាពឆ្លើយតប នឹងគ្រោះអាសន្នសាកល ផ្នែកសុខាភិបាលនេះ។ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមថ្មី «កូវីដ១៩-សុខភាពរបស់យើងទាំងអស់គ្នា» ហិរញ្ញប្បទានបន្ថែម ត្រូវបានផ្តល់ជូនគម្រោង ECOMORE II គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី និងការវាយតម្លៃហានិភ័យ នៃជំងឺឆ្លងលេចឡើងថ្មីៗ ដែលអនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រ។
ជំនួយនេះនឹងរួមចំណែក ពង្រឹងសមត្ថភាពរបស់ មន្ទីរពិសោធន៍ជួរមុខ នៅប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងហ្វ៊ីលីពីន ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក Yazid Bensaïd នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ថា «ដូចអនុសាសន៍ របស់អង្គការសុខភាពពិភពលោក យើងចាំបាច់ត្រូវទប់ស្កាត់ការផ្ទុះឡើងជំងឺនេះ ដោយផ្តល់ការគាំទ្រ ដល់គោលនយោបាយ និងយុទ្ធសាស្រ្ត គ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងប្រទេសដៃគូ តាមរយៈការពង្រឹងសមត្ថភាព របស់មន្ទីរពិសោធន៍»។

ជាមួយជំនួយផ្ទាល់ របស់ទីភ្នាក់ងារ AFD មន្ទីរពិសោធន៍ចំនួន៧ នៅក្នុងប្រទេសខាងលើ ក្នុងនោះមានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងមានលទ្ធភាពទិញឧបករណ៍ សម្រាប់ធ្វើរោគវិនិ ច្ឆ័យបន្ថែម ទិញឧបករណ៍ការពារសម្រាប់បុគ្គលិក ពង្រឹងធនធានមនុស្ស បណ្តុះបណ្តាលនិងផ្ទេរចំណេះដឹង ព្រមទាំងពង្រីក ការធ្វើរោគវិនិច្ឆ័យទ្រង់ទ្រាយធំ បន្ថែមលើការធ្វើរោគវិនិច្ឆ័យ តាមម៉ូលេគុល នាពេលបច្ចុប្បន្ន និងផ្លាស់ប្តូរទិន្នន័យ ជាមួយវិទ្យាស្ថានស្រាវជ្រាវបារាំង សម្រាប់ការអភិវឌ្ឍ ដើម្បីតាមដានការវិវត្តនៃជំងឺនេះ។ នៅប្រទេសកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានចាត់ទុកជាមន្ទីរពិសោធន៍ ឈានមុខក្នុងការធ្វើតេស្តជំងឺកូវីដ១៩។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងជាមន្ត្រីជំនាញបច្ចេកទេសអន្តរជាតិ នៃក្រសួងការបរទេសបារាំង គូសបញ្ជាក់ថា «ការផ្តល់ហិរញ្ញប្បទាននេះ មានសារសំខាន់ ក្នុងការជួយជ្រោមជ្រែងមន្ទីរពិសោធន៍ ផ្នែកវីរុសសាស្រ្តនានា និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក្នុងផ្នែកសុខភាពសាធារណៈ នៅតាមប្រទេសដៃគូទាំង៥នៃគម្រោង ECOMORE នៅចំពោះមុខ នៃវិបត្តិសុខាភិបាលបង្កឡើង ដោយជំងឺកូវីដ១៩។ ជាមួយបណ្តាញក្នុងតំបន់ យើងអាចផ្លាស់ប្តូរបទពិសោធន៍គ្នា និងអភិវឌ្ឍវិធីសាស្រ្តរបស់យើង ក្នុងការគ្រប់គ្រងជំងឺនេះ»។

ចំណែកលោកសាស្រ្តាចារ្យ ព្យែរ ម៉ារី ហ្ស៊ីរ៉ា នាយកបណ្តាញអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រ បានលើកឡើងថា គម្រោង ECOMORE II ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីបេសកកម្មដ៏សំខាន់ របស់បណ្តាញអន្តរជាតិ នៃវិទ្យាស្ថានប៉ាស្ទ័រទាំងអស់ ដែលតាមរយ:អ្នកស្រាវជ្រាវរបស់ខ្លួន នៅជុំវិញពិភពលោក កំពុងខិតខំប្រឹងប្រែងចូលរួម ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងថ្មីៗ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ៕

ដោយ ៖ អេង ប៊ូឆេង

To Top