Covid-19

WHO ព្រមានថា បើពិភពលោក នៅតែរីករាលដាលកូវីដ១៩ខ្លាំង កម្ពុជានៅតែប្រឈម ការឆ្លងដដែល (វីដេអូ)

WHO ព្រមានថាបើពិភពលោក នៅតែរីករាលដាល កូវីដ១៩ខ្លាំង កម្ពុជានៅតែប្រឈមការឆ្លងដដែល

WHO ព្រមានថាបើពិភពលោក នៅតែរីករាលដាល កូវីដ១៩ខ្លាំង កម្ពុជានៅតែប្រឈមការឆ្លងដដែល

បាន​បង្ហោះ​ដោយ Dap News Website នៅ ច័ន្ទ 4 ឧសភា 2020

ភ្នំពេញ៖ ស្របពេលដែលពិភពលោក នៅតែបន្តមានការរីករាលដាល កើនឡើងនូវជំងឺកូវីដ១៩នោះ លោកស្រី Li Ailan តំណាង អង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជាបានអះអាងថា កម្ពុជានៅតែមានការប្រឈម នៃការឆ្លងជំងឺកូវីដ១៩នេះដដែល បើមិនមានការប្រុងប្រយ័ត្នខ្ពស់។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ លោកស្រី Li Ailanបានថ្លែងថា ជំងឺកូវីដ១៩ នៅតែជាបញ្ហាសុខភាពសាធារណៈ ដែលមានភាពស្មុគស្មាញ ទាំងនៅក្នុងសកលលោក និងនៅក្នុងប្រទេសកម្ពុជា ខណៈរហូតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ១៩ ប្រហែលជា ជាង៣លាននាក់ និងមានអ្នកស្លាប់ជាង២០ម៉ឺននាក់។

លោកស្រីបញ្ជាក់ថា “យើងឃើញថា នៅក្នុងប្រទេសមួយចំនួន នៅក្នុងពិភពលោក គឺថាមានលក្ខណៈល្អ ហើយនៅក្នុងតំបន់ខ្លះទៀត គឺមានការថយចុះចំនួនករណី ដែលជាដំណឹងមួយដ៏ល្អ ប៉ុន្តែ នៅក្នុងប្រទេសមួយចំនួនទៀត ការផ្ទុះគឺនៅតែកើតមានឡើងដដែល សារដែលសំខាន់ទី១ ដែលនាងខ្ញុំចង់ជម្រាប ទៅដល់សាធារណជនទាំងអស់ ថា ស្ថានភាពបច្ចុប្បន្ន សម្រាប់ជំងឺកូវីដ១៩ នៅក្នុងពិភពលោកនេះ គឺនៅមានរយៈពេលឆ្ងាយណាស់ ក្នុងការបញ្ចប់ ហើយដរាបណាប្រទេសផ្សេងៗ នៅក្នុងពិភពលោក នៅតែមានបញ្ហា ការផ្ទុះជំងឺកូវីដ១៩នេះ ប្រទេសកម្ពុជានៅតែប្រឈមដដែល”។

លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅទូទាំងពិភពលោក នៅមិនទាន់មានឱសថ ឬវាក់សាំងទុកចាក់ ការពារជំងឺកូវីដ១៩ ដែលទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក នៅឡើយទេ។

លោកស្រីតំណាង អង្គការសុខភាពពិភពលោកបន្ថែមថា “នាងខ្ញុំសូមជម្រាបថា មកដល់សព្វថ្ងៃនេះគឺ នៅលើពិភពលោក មិនទាន់មានឱសថសម្រាប់ព្យាបាល ឬក៏វាក់សាំង ដែលចេញ ទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ដែលអាចយកមកប្រើប្រាស់បាន នៅលើទីផ្សារនៅឡើយទេ”។

ក្នុងឱកាសនោះដែរ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា បើសិនជាប្រជាពលរដ្ឋកម្ពុជា មិនបានប្រតិបត្តិបានល្អ តាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលទេ នោះនឹងមានការឆ្លងជំងឺកូវីដ១៩ ជាថ្មីម្ដងទៀត។

លោកបន្តថា “យើងខ្ញុំបានជម្រាបជូនគ្រប់ពេលវេលា ទាំងអស់អំពីបញ្ហា ដែលនាំមកនូវមហន្តរាយ ដោយសារតែយើងជួបជុំគ្នាច្រើន ដែលមិនគោរពនូវបទបញ្ជា របស់សម្ដេចតេជោ ក៏ដូចជាសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ដូច្នេះបើយើងមិនប្រតិបត្តិបានល្អ តាមសេចក្ដីណែនាំទេ យើងនឹងជួបហានិភ័យខ្ពស់ គឺការចម្លងមេរោគកូវីដ១៩ ម្ដងទៀតជាថ្មី”។ លោកសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងខ្ពស់ ក្នុងការចេះថែទាំ អនាម័យនិងការធ្វើការតាម សេចក្ដីណែនាំនានានេះផងដែរ។

ទាក់ទងជាមួយ ការបើកនូវខ៉ាអូខេ (KTV) ឡើងវិញ លោករដ្ឋមន្រ្តីបញ្ជាក់ថា មិនទាន់ឲ្យអនុញ្ញាតនោះទេ។ លោកបន្ថែមថា “រឿងខេធីវី និយាយឲ្យចំខារ៉ាអូខេ ខ្ញុំក៏ចង់ទៅដែរ ប៉ុន្តែខ្ញុំខ្លាចងាប់និយាយតាមត្រង់ ប៉ុន្តែវាមិនទាន់ដល់ពេល ហើយខ្ញុំអត់ដឹងថា ប្រទេសគេបើករបៀបម៉េចទេ ព្រោះខ្ញុំគ្រាន់តែឮ ប៉ុន្តែប្រទេសគេក៏ឈឺច្រើនដែរ ហើយក៏ស្លាប់ច្រើនដែរ យើងរើសយកគំរូស្លាប់ច្រើនឈឺច្រើន ឬមួយយកគំរូអត់ឈឺអត់ស្លាប់ ជួយគិតខ្ញុំមើល គំរូយើងអត់ឈឺច្រើន ហើយអត់ស្លាប់ ឬមួយយើងយកគំរូគេឈឺច្រើន ហើយស្លាប់ច្រើន អូនឯងជួយគិតខ្ញុំទៅ អ្នកណាមិនចង់សប្បាយ អ្នកណាមិនចង់ទៅច្រៀង”។

ទាក់ទងជាមួយការចំណាយថវិកា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩វិញ លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបញ្ជាក់ថា រហូតមកដល់ពេលនេះ បានប្រើប្រាស់ថវិកា អស់ប្រមាណជា ជាង៧លានដុល្លារ។

លោកស្រីបន្ថែមថា ថវិកាដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដើម្បីរៀបចំ ជាមួយក្រសូងសុខាភិបាលគឺ ដោយមានថវិកាសរុបសម្រាប់ រយៈពេល៦ខែ គឺមាន៣០លានដុល្លារ និងសម្រាប់១ឆ្នាំគឺ៦០លានដុល្លារ ដោយថវិកាដៃគូអភិវឌ្ឍ មានចំនួន៤០លាន ដុល្លារ ទាំងនេះគឺជាថវិកា ដែលក្រសួងបានត្រៀម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ដោយឡែកសម្រាប់ថវិកា ដែលក្រសួងសុខាភិបាល ទទួលបាន ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់ពេលនេះ មានចំនួន៨លាន៥សែនដុល្លារ។

លោកស្រីបន្ថែមទៀតថា “ហើយថវិកាដែលយើង ទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តមន្រ្តីរាជការ ដែលធ្វើការនៅជួរមុខ ប្រយុទ្ធប្រឆាំងជំងឺកូវីដគឺថា យើងទទួលបានថវិកា ជិត៣លានដុល្លារ រហូតមកដល់ឥឡូវនេះ យើងបានធ្វើបុរេប្បទានជូនដល់ មន្ទីរសុខាភិបាលខេត្តក្រុងទាំងអស់ ក៏ដូចជានាយកដ្ឋាន CDC ក៏ដូជាមន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យផ្សេងៗទៀត ដែលមានមន្រ្តី យើងធ្វើការនៅជួរមុខ ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ យើងបានទទួលថវិកា ពីសសប្បុរសជន បានចំនួន១៤លានដុល្លារ ហើយរហូតដល់ល្ងាចថ្ងៃទី២ឧសភា ហើយយើងបានប្រើប្រាស់ ក្នុងការទិញម៉ាស់ ទិញអាកុល ហើយនិងទិញសម្ភារមួយចំនួន យើងប្រើប្រាស់ អស់៧.៥លានដុល្លារ”។

លោកពីនេះទៀត លោកស្រី រដ្ឋលេខាធិការបញ្ជាក់ថា សម្រាប់ថវិកា ដែលក្រសួងសុខាភិបាល ទទួលបានពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានកាត់ បរិច្ចាគបៀវត្សរ៍របស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩នេះ រហូតមកដល់ពេលនេះ មានស្ថាប័នចំនួន៤១ស្ថាប័ន ហើយដែលបាន កាត់ប្រាក់បៀវត្សរ៍របស់ខ្លួន ដោយសរុបជាថវិកា មានជាង៩លាន៣សែនលានដុល្លារ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ចំនួន១២២នាក់ ខណ:អ្នក ដែលបានព្យាបាលជាសះស្បើយ កើនដល់១២០នាក់ និងកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ២នាក់ទៀត តែប៉ុណ្ណោះ៕ ដោយ៖ធី លីថូ

To Top