Covid-19

អាជ្ញាធរខេត្តកំពតអះអាងថា ផលិតផលនានា នៅតែមានតម្លៃថ្លៃធម្មតា ទោះបីមានកូវីដ១៩

ភ្នំពេញ ៖ លោក ភូ លិ អភិបាលរងខេត្តកំពត បានអះអាងថា បច្ចុប្បន្ន ទោះបីជាកម្ពុជា បានជួបនូវវិបត្តិកូវីដ១៩ក៏ដោយ តែផលិតផលនានា នៅក្នុងខេត្ត នៅតែមានតម្លៃថ្លៃជាធម្មតាដដែល មិនមានការប្រែប្រួលអ្វីឡើយ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកំពត”នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ លោក ភូ លិ បានថ្លែងថា បច្ចុប្បន្ន ខេត្តកំពតទទួលបានសមិទ្ធផលធំៗ ដូចជា ការវិនិយោគ និងមានការអភិវឌ្ឍ លើគ្រប់វិស័យគួរជាទីមោទកៈ។ ជាក់ស្ដែងរមណីដ្ឋានឋានសួគ៍បូកគោក នៅតែជាគោលដៅទេសចរណ៍ ទាក់ទាញជាទីបំផុត សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកំសាន្ត។

ជាមួយគ្នានេះផងដែរ ការកើនឡើងជាបន្តបន្ទាប់ នូវសេវាកម្មផ្ទះសំណាសក់ បឹងកាឡូ សណ្ឋាគារ អាហារដ្ឋាន សុទ្ធតែបានលើកស្ទួយ ដល់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឲ្យមានភាពល្អ ប្រសើរខ្លាំងផងដែរ។

លោកអភិបាលរងខេត្តបញ្ជាក់ថា “ពាក់ព័ន្ធមេរោគកូវីដ១៩នេះ ទី១ខ្ញុំពិនិត្យឃើញថា នេះមិនមានមោទកភាព របស់ខេត្តកំពតយើងខ្ញុំទេ តែជាមោទកភាព របស់ប្រទេសជាតិយើង ។ គឺទុរេនកំពត នៅតែ១គីឡូបីបួនម៉ឺនដដែល ។ គ្រឿងសមុទ្រ នៅតែថ្លៃ ស្រូវក៏នៅតែមានតម្លៃ”។

លោកបន្ថែមថា ទឹកដីខេត្តកំពត ជាទឹកដីមួយសម្បូរដោយជីវជាតិ ដែលជាដំណាំហូបផ្លែនានា មាន រសជាតិឆ្ងាញ់ គួរឲ្យកត់សម្គាល់ផងដែរ។

ចំណែកលោកចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខេត្តកំពត បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ខេត្តប្រមូលទិន្នផលស្រូវ បានចំនួន៥០ម៉ឺនតោន។

ក្នុងឱកាសនោះដែរលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានអះអាងថា ទាក់ទងជាមួយបញ្ហាកូវីដ១៩នេះ ធ្វើឲ្យភ្ញៀវទេសចរ នៅខេត្តកំពត មានធ្លាក់ចុះ តែបន្តិបន្តួចប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីខែមករា ដល់ពាក់កណ្ដាលខែមិនា (៨សប្តាហ៍) ឆ្នាំ២០២០នេះ លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តកំពត នៅមានការកើនឡើងល្អជាធម្មតា។

លើសពីនេះទៀតលោកថា ក្រោយរាជរដ្ឋាភិបាល ប្រកាសបើករបាំង នៃការឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយវិញ ធ្វើឲ្យមានការកើនឡើងភ្ញៀវទេសចរ ជាបណ្ដើរវិញ ហាក់បីដូចជា បានវិលត្រឡប់ មកសភាពដើមវិញផងដែរ៕

ដោយ៖ធី លីថូ

To Top