យូអិន៖ ទីភ្នាក់ងារជំនួយយូអិន បានឲ្យដឹងថាអង្គការសហប្រជាជាតិ ត្រូវការថវិកាចំនួន ១៤៦,៧ លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង រួមទាំងជំនួយក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសថ្មីនេះផងដែរ។
ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ទឹកប្រាក់ចំនួន ៣៩,៧ លានដុល្លារ ត្រូវការដើម្បី ជួយដោះស្រាយជំងឺនេះ នៅកូរ៉េខាងជើងនៅឆ្នាំនេះ ខណៈដែលទឹកប្រាក់ចំនួន ១០៧ លានដុល្លារចាំបាច់ ដើម្បីអនុវត្តគម្រោង ជំនួយមនុស្សធម៌ ។
កូរ៉េខាងជើង អះអាងថា មិនមានការឆ្លងមេរោគទេ ប៉ុន្តែអ្នកសង្កេតការណ៍ខាងក្រៅ បាននិយាយថា រដ្ឋសម្ងាត់អាចនឹងបិទបាំងការផ្ទុះឡើង ហើយកំពុងត្រូវការជំនួយ ពីខាងក្រៅយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ ការរីករាលដាលនៃ COVID-១៩ ៕ ដោយ៖ ឈូក បូរ៉ា